ព័ត៌មានជាតិ

ប្រធានច្រកព្រំដែនអន្តរជាតិអូរស្មាច់ បិទភ្នែកឱ្យរថយន្តយីឌុបឈ្មួញជនជាតិថៃចូលដឹកធ្យូងក្នុងដីខ្មែរ?

ខេត្តឧត្តរមានជ័យ÷ សេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តយីឌុបរបស់ឈ្មួញថៃបានចូលក្នុងទឹកដីខ្មែរដើម្បីដឹកធ្យូង ចេញទៅប្រទេសថៃវិញ។ សកម្មភាពបែបនេះបាននឹងកំពុងកើត មាននៅតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងខេត្តឧត្តរមានជ័យ។ ប្រធានច្រកព្រំដែនអន្តរជាតិអូរស្មាច់លោកឯម បញ្ញារិទ្ធ ត្រូវគេរាយការណ៍ថា ជាអ្នកបិទភ្នែក បត់ដុំដៃឲ្យមានបទល្មើស តាមរយៈរថយន្តដឹកធ្យូងថៃធំៗឆ្លងដែនទាំងនេះចូលទឹកដីខ្មែរដើម្បីដឹកធ្យូងត្រឡប់ ទៅប្រទេសថៃវិញ។ ជាងនេះទៅទៀតអភិបាលខេត្តឧត្តរមានជ័យលោកមាន ចាន់យ៉ាដា តាំងពីចូលកាន់តំណែងនាគ្រាកន្លងមកនេះ ហាក់ដូចជាមិនទាន់បានធ្វើអ្វី ឲ្យស្របទៅតាមកំណែទម្រង់របស់រាជរដ្ឋាភិបាលនៅឡើយទេ។

ប្រភពរាយការណ៍ថា ឈ្មួញនៅក្នុងដីខ្មែរបានរៀបចំឃ្លាំងមួយកន្លែង នៅជិតច្រកព្រំដែនអន្តរជាតិអូរស្មាច់ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនឆ្លងដែន។ ពួកឈ្មួញបានប្រមូលធ្យូងពីបណ្ដាព្រៃ នៅក្នុងភូមិសាស្ត្រខេត្ត ព្រះវិហារនិងខេត្តឧត្តរមានជ័យ យកមកលាក់ទុកក្នុងឃ្លាំងនៅជិតក្បែរៗច្រកព្រំដែនអូរស្មាច់។ លើកមុនពួកឈ្មួញតែងតែប្រើរថយន្តខ្មែរ ដើម្បីដឹកធ្យូងឆ្លងដែនចូលទៅក្នុងទឹកដីថៃ។ ប៉ុន្តែមួយរយៈក្រោយនេះសេចក្តីរាយ ការណ៍បានឲ្យដឹងថា ឈ្មួញថៃ បានប្រើរថយន្តធំៗម៉ាកយីឌុបថៃផ្ទាល់តែម្ដង ចូលមកទឹកធ្យូងក្នុងទឹកដីខ្មែរតែ ម្ដង ដោយមិនខ្វល់ខ្វាយអំពីបញ្ហាច្បាប់ទម្លាប់អ្វីនោះឡើយ។ ការមិនខ្វល់អំពីច្បាប់ទម្លាប់នេះក៏ព្រោះតែពួកមន្ត្រីខ្មែរនៅព្រំដែនពុករលួយ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោមការចាត់ចែងរបស់លោកឯម បញ្ញារិទ្ធ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ស្ថិត ក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យ និងហែរហមដោយលោកស្រេង ធារី មេនគរបាលអន្តោប្រវេសន៍នៅច្រកនេះមិនអើរពើរចំពោះបទបញ្ជា របស់លោកឧបនាយករដ្ឋមន្ត្រី,រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការទប់ ស្កាត់បទល្មើសឆ្លងដែននោះឡើយ។ ប្រភពរាយការណ៍ថា បច្ចុប្បន្ននេះរូបភាពនៃការដឹកជញ្ជូនធ្យូងពីកម្ពុជាទៅប្រទេសថៃហាក់ដូចជាកាន់គឃ្លើនដែលលើកមុនៗហាក់ ដូចជាមានការបិទបាំងខ្លះ ប៉ុន្តែមួយរយៈចុងក្រោយនេះពួកឈ្មួញធ្វើសកម្មភាពជាចំហ ដោយប្រើរថយន្តយីឌុបរបស់ឈ្មួញថៃចូលទឹកដីខ្មែរតែម្ដង។ រីឯរដ្ឋបាលខេត្តឧត្តរមានជ័យ ក្រោមការដឹកនាំរបស់លោកមាន ចាន់យ៉ាដា ហាក់ដូចជាមិនទាន់ធ្វើកំណែទម្រង់អំពីបញ្ហានេះនៅ ឡើយ។

ក្រៅពីបញ្ហាធ្យូងឆ្លងដែនជាចំហនេះក៏មានបញ្ហាពលករឆ្លងដែនម្នាក់ដែលមានលិខិត ឆ្លងដែន(passport) ត្រូវបង់ឲ្យសមត្ថកិច្ចប្រចាំការនៅច្រកព្រំដែនអូស្មាច់ចំនួន 100 បាត ហើយពលករដែលមានបណ្ណឆ្លងដែន (border pass) ក៏ត្រូវបង់ជូនមន្ត្រីនៅទីនោះ 50 បាតដែរ។ ក្រៅពីនោះជនបរទេសម្នាក់ដែលឆ្លងដែនតាមច្រកព្រំដែនអន្តរជាតិអូស្មាច់ត្រូវបង់ 300 បាតផងដែរ។ បើនិយាយអំពីបញ្ហា ដែលត្រូវបង់លុយជូនមន្ត្រីរាជការនៅច្រកព្រំដែនអូស្មាច់នេះមានគ្រប់ប្រភេទទំនិញចេញ, ចូលជាពិសេសពលករឆ្លងដែនដែលមិនអាចអត់ឱនឱ្យបាននោះទេ។ ប្រភពឲ្យដឹងថា ១ថ្ងៃៗមានពលកររាប់រយនាក់ដែលត្រូវធ្វើដំណើរឆ្លង ដែនទៅធ្វើការនៅប្រទេសថៃ។ ពលករឬពលរដ្ឋខ្មែរខ្លះមានប៉ាស្ព័រត្រូវបង់100 បាត ស្របពេលដែលពលករខ្មែរដែលត្រូវចេញ,ចូលជាប្រចាំ ក៏ត្រូវបង់50 បាតដែរនៅគ្រាដែលពួកគាត់មានប័ណ្ណឆ្លងដែន(border pass)។

បើតាមប្រភពរាយការណ៍ថា វាជាអំពើពុករលួយមានលក្ខណៈជាប្រព័ន្ធ ដែលឈ្មួញជនជាតិថៃមិនមែនត្រឹម តែចង់បានឃ្យូងខ្មែរយកទៅប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែមានចេតនាបំផ្លិចបំផ្លាញធនធានព្រៃឈើនៅកម្ពុជានោះទៀតផង។ អស់លោកមន្ត្រីខ្មែរតួយ៉ាងដូចជា លោកឯម បញ្ញារិទ្ធ ក៏ដូចជាពួកមន្ត្រីរដ្ឋបាលព្រៃឈើនៅតំបន់នោះមិនខ្វល់អំពីដំណើរឆ្ពោះទៅរកមហន្តរាយ នៃធនធានធម្មជាតិខ្មែរនោះឡើយ។ ករណីនេះប្រជាពលរដ្ឋនៅតំបន់ព្រំដែនក្នុងខេត្តឧត្តមានជ័យរំពឹងថា ស្ថាប័នក្រសួងមានសមត្ថកិច្ចនឹងពិនិត្យមើលករណីនៃដំណើរទៅរកការរលំរលាយធនធានធម្មជាតិនិងអំពើពុករលួយរបស់មន្ត្រីនៅច្រកព្រំដែនអន្តរជាតិអូស្មាច់នោះផង៕