ក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ កាលពីដើមសប្តាហ៍នេះ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាអំពី «ការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរឡើង» ដោយមានការចូលរួមពីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ដើម្បីបង្កភាពងាយស្រួលជូនភ្ញៀវទេសចរបន្ថែមទៀត កិច្ចប្រជុំបានសម្រេចនូវកំណែទម្រង់ចំនួន៦ធំៗ រួមមាន៖ ១-សម្រាប់បណ្ណទស្សនារយៈពេល១ថ្ងៃ៖ សម្រេចលុបចោលទាំងស្រុងនូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុមអាយុ និងភេទ រាល់ពេលភ្ញៀវទេសចរបរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរពីគ្រឹះស្ថានអង្គរ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤តទៅ។ ២-សម្រាប់បណ្ណទស្សនារយៈពេល៣ថ្ងៃ និង៧ថ្ងៃ៖ បន្តអនុវត្តតម្រូវការថតរូបភ្ញៀវសម្រាប់បណ្ណ ចូលទស្សនា រហូតដល់ចុងឆ្នាំ២០២៤។ ៣-កែសម្រួលប្រព័ន្ធត្រួតពិនិត្យដែលមានភាពសាំញ៉ាំ៖ ធ្វើការកាត់បន្ថយទីតាំងត្រួតពិនិត្យ នៅតាមច្រកចូលទាំង៤ និងរក្សាទីតាំងត្រួតពិនិត្យនៅតែតាមច្រកចូលប្រាសាទតែប៉ុណ្ណោះ។
៤-ឯកភាពជូនគ្រឹះស្ថានអង្គរអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់លក់បណ្ណ៖ ដោយប្រើ Self-Service Machine និងបង្កើត Mobile App និងជំរុញការទូទាត់ប្រាក់ជាទម្រង់អេឡិចត្រូនិក។ ៥-គ្រឹះស្ថានអង្គរ ត្រូវសិក្សាលើការការផ្ដល់ជាទម្រង់សំបុត្រពាក់នៅកដៃ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការត្រួតពិនិត្យជូនដល់ភ្ញៀវទេសចរ។ និង៦-បង្កើតក្រុមការងារចម្រុះ ពិនិត្យ និងសិក្សាលើការកែទម្រង់ការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដំណាក់កាលទី២ ដើម្បីធ្វើការសិក្សា និងដាក់ដំណើរការកំណែរទម្រង់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងការលក់បណ្ណចូលទស្សនាជាក្រុមប្រាសាទ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥តទៅ។
គួររំលឹកផងដែរថា ចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនសរុប៤៨៤ ៣៧៥នាក់ ពោលគឺកើនឡើង៣៣ភាគរយ និងទទួលបានចំណូល២៧ ១៧៧ ៤៣០ដុល្លារអាម៉េរិក កើនឡើង៣៣,៧៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕