ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា បច្ចុប្បន្នេះ ព្យុះទី១០ឈ្មោះ សានសាន (Shanshan)នៅបន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាបគ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និង លើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ តំបន់វាលទំនាប ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទៈ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៥០%។
សម្រាប់តំបន់ខ្ពង់រាប មាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទៈ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៤០%។
ដោយឡែកតំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្តប់លើផ្ទៃដី ៤៥% ខណៈរលកសមុទ្រអាចមានកម្ពស់មធ្យមអប្បបរមា ១ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៧៥ម៉ែត្រ៕