អន្តរជាតិ

នាយកក្រុមហ៊ុន Telegram ត្រូវ​ចាប់ខ្លួន​នៅ​បារាំង

FILE PHOTO: Founder and CEO of Telegram Pavel Durov delivers a keynote speech during the Mobile World Congress in Barcelona, Spain February 23, 2016. REUTERS/Albert Gea/File Photo

លោក Pavel Durov ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃកម្មវិធីផ្ញើសារ Telegram ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Bourget ទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃសៅរ៍ ទី២៤ ខែសីហា។

បើតាមបណ្ដាណព័ត៌មាន TF1 បញ្ជាក់ថា លោក Durov ត្រូវបានចាប់ខ្លួននៅលើយន្តហោះឯកជនផ្ទាល់ខ្លួន ដោយលោកមានឈ្មោះក្នុងដីកាឃាត់ខ្លួនមួយរបស់សមត្ថកិច្ចបារាំង នៅក្នុងសំណុំរឿងស៊ើបអង្កេតបឋមមួយ។ ប្រភពដដែលអះអាងថា លោក Durov ត្រូវបានចាប់ខ្លួនដោយពាក់ព័ន្ធនឹងដំណើរការនៃកម្មវិធី Telegram ដែលហាក់មានភាពចន្លោះប្រហោងដែលអាចនាំឱ្យមានភាពសេរីក្នុងការអនុញ្ញាតឱ្យសកម្មភាពឧក្រិដ្ឋកម្មធ្វើឡើងតាមរយៈកម្មវិធីផ្ញើសារនេះ។

លោក Pavel Durov ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិសរុបប្រមាណ ១៥,៥ពាន់លានដុល្លារអាមេរិក ដែលកន្លងមកលោកធ្លាប់បាននិយាយថាបណ្ដាញសង្គម Telegram គួរតែជា “វេទិកាអព្យាក្រឹត” និងមិនមែនជា “តួអង្គណាមួយនៅក្នុងភូមិសាស្ត្រនយោបាយ” នោះទេ។ ដោយឡែក ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបារាំងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីថា ស្ថានទូតមិនទាន់ទទួលបានការទាក់ទងណាមួយពីក្រុមការងាររបស់លោក Durov បន្ទាប់ពីមានសេចក្តីរាយការណ៍ពីការចាប់ខ្លួននោះទេ ប៉ុន្តែស្ថានកំពុងចាត់វិធានការបន្ទាន់ភ្លាមៗ ដើម្បីបញ្ជាក់អំពីករណីនេះ៕