សង្គម

សមត្ថកិច្ចចាប់មនុស្សបីនាក់ ពាក់ព័ន្ធការព្យាយាម​វាយ​ប្រហារ​គេហទំព័រក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងចូលរួមសកម្មភាពគាំទ្រ​បច្ចេកទេសក្នុងចលនាបំផុស បំផុលប្រឆាំងគម្រោង CLV-DTA

ភ្នំពេញ÷មនុស្ស៣នាក់ពាក់ព័ន្ធករណីព្យាយាមវាយ ប្រហារមកលើគេហទំព័រក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងបានចូលរួមសកម្មភាព​គាំទ្រ​បច្ចេកទេសក្នុងចលនាបំផុសបំផុលប្រឆាំង កិច្ចសហប្រតិបត្តិការតំបន់​ត្រី កោណអភិវឌ្ឍន៍ (CLV-DTA)ត្រូវ​បានចាប់ខ្លួនជាបន្ត បន្ទាប់ចាប់​ពី​ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៤ និងបានបញ្ជូនទៅ​តុលាការ​ចាត់ការតាមនីតិវិធី ។

ការឃាត់ខ្លួនជនសង្ស័យដែលសុទ្ធសឹងជាភេទប្រុសនិងជាជនជាតិខ្មែរ បានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពស់ខ្ពស់របស់អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានបញ្ជាឱ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយ​អប់រំ និងអគ្គស្នងការដ្ឋាននគរ​បាលជាតិ សហការស៊ើបអង្កេតស្រាវជ្រាវ​លើ​មុខសញ្ញាជនសង្ស័យទាំងបីនាក់នេះ រហូតឈានដល់​ការឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ក្រោមការ សម្របសម្រួលពី ព្រះរាជអាជ្ញា នៃ​អយ្យការ​អមសាលា ដំបូង​រាជធានី​ភ្នំពេញ។

អគ្គនាយកដ្ឋានបច្ចេកឌីជីថលនិងផ្សព្វផ្សាយអប់រំ បានបញ្ជាក់ថា ជនសង្ស័យសារភាពថា ខ្លួនពិតជាបានបង្កើត ក្រុមបំផុល​បំផុល​ផ្តល់បច្ចេកទេសចូលរួមក្នុងចលនាប្រឆាំង CLV-DTA និង​ព្យាយាម​វាយប្រហារមកលើគេហទំព័រ​របស់ស្ថាប័នរាជរដ្ឋា​ភិបាលកម្ពុជាពិត​ប្រាកដមែន។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបង្កើតឆានែលតេឡេក្រាម មានឈ្មោះ “Victim Leaked Cambodia VLC” ដើម្បី​ប្រើប្រាស់​បំផុស​បំផុលការចូលរួមវាយប្រហារ (DDoS) ទៅលើគេហទំព័ររបស់​ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាពិត​ប្រាកដមែន។

ជនសង្ស័យទាំងបីនាក់រួមមាន៖ ១. ឈ្មោះ ស.គ.ហ មុខរបរសិស្ស, ២. ឈ្មោះ ថ.ស.រ.ព មុខរបរសិស្ស, និង ៣. ឈ្មោះ ល.ម.ឃ មុខរបរ​សិស្ស។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅមានជនសង្ស័យមិន​ស្គាល់អត្តសញ្ញាណបានប្រើប្រាស់បច្ចេកទេស (DDoS) ដើម្បីវាយប្រហាររំខានដល់ដំណើរការគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយ​របស់ស្ថាប័នរាជរដ្ឋាភិបាលមួយចំនួន ប៉ុន្តែមិនមាន​ការជ្រៀតចូល ឬប៉ះពាល់ដល់ទិន្នន័យណាមួយនោះទេ។

បន្ទាប់ពីកើតហេតុភ្លាមៗ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យា​ឌីជីថល​នៃអគ្គនាយកដ្ឋានបច្ចេកឌីជីថលនិងផ្សព្វផ្សាយអប់រំ បាន​សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គ​ស្នងការដ្ឋាននគរបាលជាតិ បើកការស្រាវជ្រាវ ស៊ើបអង្កេតទើប​ឈានដល់ការឃាត់ខ្លួនពួកគេ។

ទន្ទឹមនេះដែរ ក្រសួងមហាផ្ទៃ បានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋទូទៅ ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមសូមចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មានក្លែងក្លាយ ដោយប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ និងពិនិត្យពិចារណារលើខ្លឹមសារ ប្រភព ឱ្យបានច្បាស់លាស់មុនពេល​បញ្ចេញមតិយោបល់ ឬចែករំលែក៕