ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសារបញ្ជាក់ជូនជនរួមជាតិឱ្យភ្ញាក់រលឹក និងដកខ្លួនជាបន្ទាន់ពីក្រុមអគតិដែលគ្រោងផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

នារាត្រីថ្ងៃទី១៥ ខែសីហានេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហោះសារមួយនៅលើហ្វេសប៊ុករបស់លោកផ្ទាល់ ជាសារបញ្ជាក់ និងច្រានចោលនូវព័ត៌មានមិនពិតនានា ក៏ដូចជាការបម្លែងសំឡេងរបស់លោកក្នុងគោលបំណងទុច្ចរិតផ្សេងៗ ជាពិសេសទៅលើចលនាផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់ជនអគតិមួយចំនួនតូច។

នៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានបង្ហោះសារដែលមានខ្លឹមសារដូចតទៅ៖ “ថ្មីៗនេះ មានជនមួយចំនួនតូច ដែលកំពុងជ្រុលខ្លួនប៉ុនប៉ងបំផ្លាញជាតិឯង បានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយក្នុងនោះ ក៏មានអ្នកយកសារសំឡេងខ្ញុំទៅបម្លែង និងផ្សព្វផ្សាយខុសពីការពិតថា ខ្ញុំជាអ្នកគាំទ្រទង្វើប្រាសចាកពីច្បាប់របស់ពួកគេ។ នេះជាអំពើទុច្ចរិតថ្មីមួយទៀត ដែលពួកគេបន្តប្រព្រឹត្តដោយមិនអៀនខ្មាស់ និងដោយគ្មានគិតពីសេចក្ដីសុខរបស់ប្រជាជនជាង១៧លាននាក់នៅមាតុប្រទេស”។

ទន្ទឹមនឹងច្រានចោលព័ត៌មានក្លែងក្លាយដូចបានបញ្ជាក់មកនេះ ខ្ញុំក៏សូមផ្ញើសារដាស់តឿនទៅកាន់ជនរួមជាតិមួយចំនួនតូច ដែលកំពុងងប់ជ្រុលខ្លួនលុះដោយមនោគមវិជ្ជាបំផ្លាញជាតិ សូមមានការភ្ញាក់រលឹក និងដកខ្លួនចេញជាបន្ទាន់ ពីក្រុមអគតិមួយក្ដាប់តូចដែលកំពុងអុចអាលបងប្អូនពីក្រៅប្រទេស ដែលទីបំផុតគឺបងប្អូនទៅវិញទេ ដែលជាអ្នកប្រឈមនឹងចំណាត់ការច្បាប់ ប្រសិនបើជ្រុលខ្លួនប្រព្រឹត្តតាមការបំពងសំឡេងរបស់ជនទាំងនោះ។

ខ្ញុំ សូមបញ្ជាក់ថាជូនថា ថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ រួមទាំងរូបខ្ញុំ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គឺពួកយើងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងណាមួយដើម្បីបំផ្លាញសុខសន្តិភាព។ យើងគ្មានជម្រើសអ្វី ក្រៅពីការអនុវត្តច្បាប់ ដោយស្រាវជ្រាវ ចាប់ខ្លួន និងបញ្ជូនរាល់ជនល្មើស ទៅកាន់ស្ថាប័នតុលាការ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ!៕