អន្តរជាតិ

រដ្ឋសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃសុក្រទី១៦ខែសីហាឆ្នាំ២០២៤

(បាងកក)÷រដ្ឋសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីតុលាការចេញសាលក្រមដកតំណែងលោក សេដ្ឋា ថាវីស៊ីន ពាក់ព័ន្ធការរំលោភរដ្ឋធម្មនុញ្ញ ដោយតែងតាំងទណ្ឌិតឲ្យធ្វើការក្នុងគណៈរដ្ឋមន្ត្រី។

ប្រធានរដ្ឋសភាលោក Wan Muhamad Noor Matha បានផ្ញើលិខិតអញ្ជើញទៅតំណាងរាស្រ្តទាំង អស់រួចហើយ ដោយហៅមកប្រជុំនៅម៉ោង១០ព្រឹកថ្ងៃសុក្រ ខណៈមន្ត្រីជាន់ខ្ពស់នៃគណបក្សភឿថៃ លោក Wisuth Chainarun និយាយថា តំណាងមកពីរដ្ឋាភិបាលនិងគណបក្សប្រឆាំង ក៏ដូចជាគណៈរដ្ឋមន្ត្រីចាំផ្ទះ បានយល់ស្របថា ការបោះឆ្នោតគួរតែធ្វើឡើងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

បេក្ខជនដែលមានសិទ្ធិពេលនេះ គឺត្រូវតែជាអ្នកមានឈ្មោះក្នុងបញ្ជីដែលគណបក្សបានដាក់មុនការបោះ ឆ្នោតសកលខែឧសភាឆ្នាំ២០២៣ ហើយដោយសារពេលនេះ លោកសេដ្ឋា ត្រូវដកតំណែងហើយនោះ គណបក្សភឿថៃនៅសល់ជម្រើសពីរទៀត នោះគឺមេបក្សលោកស្រី Paetongtarn Shinawatra និងលោក Chaikasem Nitisiri។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពពីគណបក្សបានបង្ហើបថា លោក Chaikasem អាយុ៧៥ឆ្នាំ មិនមានសុខភាពល្អឡើយ ខណៈអនាគតរបស់លោកស្រី Paetongtarn វ័យ៣៧ឆ្នាំ គឺអាស្រ័យលើការសម្រេចចិត្តរបស់គ្រួសារ ព្រោះអ្នកនាងនឹងត្រូវប្រឈមមុខជាមួយសម្ពាធនយោបាយយ៉ាងខ្លាំងជាក់ជាមិនខាន។

ក្រៅពីអ្នកទាំងពីរ គេឃើញមានគូប្រជែងមានឥទ្ធិពល ២រូបទៀតសម្រាប់តំណែងនាយករដ្ឋមន្ត្រី នោះរួមមានរដ្ឋមន្ត្រីថាមពលលោក Pirapan Salirathavibhaga ជាមេដឹកនាំគណបក្ស ថៃរក្សាជាតិ និងឧត្តមសេនីយ៍ Prawit Wongsuwon ប្រធានគណបក្ស Palang Pracharath ដែលចូលបក្សសម្ព័ន្ធយោធា។

សូមបញ្ជាក់ថា ដើម្បីក្លាយជានាយករដ្ឋមន្ត្រី បេក្ខជនត្រូវការការគាំទ្រពីតំណាងរាស្រ្តលើសពាក់កណ្តាលឬ២៤៧សំឡេង នៃសមាជិក​សភាបច្ចុប្បន្នដែលមាន ៤៩៣រូប ប៉ុន្តែប្រសិនបើមិនគ្រប់ រដ្ឋសភាត្រូវតែកោះប្រជុំម្តងទៀតនៅពេលក្រោយ ហើយបោះឆ្នោតជាថ្មី ខណៈពេលនោះ អាចបើកឱកាសឲ្យបេក្ខជនថ្មីៗដាក់ពាក្យឈរឈ្មោះបាន៕