សង្គម

ករណី​លួចចូល facebook ហើយផ្ញើសារខ្ចីលុយ ពេលនេះសមត្ថកិច្ច​ចាប់បានម្នាក់ហើយ

(ភ្នំពេញ) ៖ នាយករដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បាន​ឱ្យដឹងថា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នាយកដ្ឋានបានធ្វើការស្រាវជ្រាវបង្រ្កាបលើបទល្មើសឆបោកប្រាក់ តាមរូបភាពលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុក (Facebook) និងខ្ចីប្រាក់សាច់ញាតិ មិត្តភត្តិ អាជីវករ។

ការបង្ក្រាបនេះ បានឃាត់ខ្លួនបានជនសង្ស័យ ១រូប ឈ្មោះ ហ.ត ភេទប្រុស ជនជាតិខ្មែរ ។ ជនសង្ស័យ​បានសារភាពថា ខ្លួនបានលួងលោម បោកបញ្ឆោត យកអត្តសញ្ញាណអ្នកដទៃទៅបង្កើតគណនីធនាគារ ដើម្បីធ្វើជាមធ្យោបាយទទួលផលនៃបទល្មើសឆបោកប្រាក់ក្រោមរូបភាពខាងលើ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។

ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ក្នុងការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណ ឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕