សង្គម

មន្ត្រីបរិស្ថានបង្ក្រាបគោយន្តកន្ត្រៃដឹកឈើ៣គ្រឿងដោះ លែងយកលុយរាប់រយដុល្លារ ខណៈគោយន្តដឹកឈើនិងរថយន្តដឹកធ្យូងជាច្រើនគ្រឿងទៀតមិនបង្ក្រាបសោះ

ខេត្តកំពង់ស្ពឺ÷ ប្រភពព័ត៌មានបានរាយការណ៍ថា មានមន្ត្រីបរិស្ថាននៅចំណុចស្នាក់ការតេទឹកពុះ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបង្ក្រាបគោយន្តកន្ត្រៃដឹកឈើដុល ចំនួន៣គ្រឿង យកមករក្សាទុកនៅស្នាក់ការ ដើម្បីអនុវត្តតាមផ្លូវច្បាប់ កាលពីយប់ថ្ងៃទី ៦ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៤ តែមានភាពមិនប្រក្រតី។ ប្រភពបានខ្សិបថា សមត្ថកិច្ចបរិស្ថានបានដោះលែងគោយន្តកន្ត្រៃដឹកឈើទាំង៣គ្រឿងនោះវិញជាថ្នូរនិងលុយរាប់រយដុល្លារ ។

ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជន និងប្រជាពលរដ្ឋមានការចាប់អារម្មណ៍នោះគឺជារៀងរាល់ថ្ងៃយប់ មានគោយន្តដឹកឈើ រ៉ឺម៉កដឹកធ្យូង និងរថយន្តដឹកធ្យូង ជាច្រើនគ្រឿងធ្វើចរាចរណ៍ឆ្លងកាត់ស្នាក់ការរងតេទឹកពុះ និងស្នាក់ធំនៅខាងលិចរង្វង់មូលផ្សារកន្តួតជាច្រើនគ្រឿង មិនដែលឃើញមន្ត្រីបរិស្ថានបង្ក្រាបទាល់តែសោះ ឬ មួយក៏ក្រុមរ៉ឺម៉កដឹកធ្យូង និងរថយន្តដឹកធ្យូងទាំងអស់នោះបង់លុយជាប្រចាំ ឬបង់លុយជាខែផងទើបដំណើរ ការបានរលូនបែបនេះ?។ ចម្ងល់របស់ប្រជាពលរដ្ឋឆ្ងល់ថា ហេតុអ្វីបានជាពេលខ្លះសមត្ថកិច្ចបង្ក្រាបគោយន្តដឹក ឈើតែពេលខ្លះមិនបង្ក្រាបទៅវិញ? គេសង្កេតឃើញពេលខ្លះរថយន្តឬគោយន្តដឹកឈើទាំងថ្ងៃក៏មានដែរ។

បើតាមការបង្ហើបពីប្រជាពលរដ្ឋថា ការបង្ក្រាបគោយន្តកន្ត្រៃដឹកប្រភេទឈើដុល៣គ្រឿង ទាំងយប់នេះធ្វើឲ្យមហាជនកោតសរសើរយ៉ាងខ្លាំងចំពោះមន្ត្រីបរិស្ថានដែលចុះអនុវត្តតាមផ្លូវច្បាប់។ ប៉ុន្តែពួកគាត់ឆ្ងល់ថាការបង្ក្រាបនេះធ្វើបានតែមួយចំអិនកំពឹសតែប៉ុណ្ណោះ ក៏ត្រូវបានដោះលែងគោយន្តកន្ត្រៃដឹកឈើទាំង៣គ្រឿងនោះទៅវិញជាថ្នូរនិងលុយរាប់រយដុល្លារឯណោះ។ បើតាមប្រភពមួយទៀតបង្ហើបឱ្យដឹងថា មន្ត្រីបរិស្ថានតម្រូវឲ្យម្ចាស់គោយន្តបង់លុយក្នុង១គោយន្តចំនួន១លានរៀល ជាថ្នូរនិងការដោះលែងគោយន្តកន្ត្រៃដឹកឈើនោះ។

ប្រភពបានបន្តទៀតថា ក្រោយពីមានការសម្របសម្រួលនិងអង្វរករពីម្ចាស់គោយន្តមន្ត្រីបរិស្ថាន បានតម្រូវឲ្យម្ចាស់គោយន្តបង់ក្នុង១គោយន្ត ៨០ម៉ឺនរៀល រហូតមក ដល់រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ គោយន្តដែលមន្ត្រីបរិស្ថានបានចាប់បង្ក្រាបនោះត្រូវបានដោះលែងវិញហើយ និងបានត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញដោយសុខសាន្តហើយ។

ពាក់ព័ន្ធនិងការលើកឡើងខាងលើនេះអ្នកយកព័ត៌មានយើងមិនអាចសុំការបកស្រាយពីមន្ត្រីបរិស្ថានបានទេ ដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង៕