ព័ត៌មានជាតិ

ក្រសួងព័ត៌មានប្រកាស​ដាក់​ឱ្យ​អនុវត្ត​ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

នៅក្នុងសន្និសីទសារព័ត៌មាន​នារសៀល​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន​បានប្រកាស​ដាក់​ឱ្យ​អនុវត្ត​នូវ​ធម្មនុញ្ញវិជ្ជាជីវៈ​សារព័ត៌មាន បន្ទាប់ពីដំណើរពិគ្រោះយោបល់ដើម្បីទទួលធាតុចូល និង​សំណូមពរ​ពីគ្រប់តួអង្គ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុងវិស័យ​ព័ត៌មាន និង​សោតទស្សន៍​បាន​បិទបញ្ចប់។

បើតាម​ក្រសួងព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈ​សារព័ត៌មាននេះ ជាមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុជា សម្រាប់អង្គភាព​សារព័ត៌មាន សមាគមសារព័ត៌មាន អ្នកធ្វើសកម្មភាព​ក្នុងវិស័យ​ព័ត៌មាន និង​សោតទស្សន៍ និង​អង្គភាពផ្សេងៗ​ទៀតអនុវត្ត។

ធម្មនុញ្ញនេះ បានកំណត់​ទិដ្ឋភាព​សំខាន់ៗចំនួន៤ ក្នុងនោះ (ក) កំណត់និយាមអប្បបរមាសម្រាប់សកម្មភាពផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ និង​តាមគ្រប់មធ្យោបាយ​ ក្នុងគោលបំណង​ធានាសង្គតិភាព នៃការ​ប្រតិបត្តិ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​រួមនៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា សំដៅធានា «ភាព​ពិត ត្រឹមត្រូវ ស្មោះត្រង់ យុត្តិធម៌ មិនលម្អៀង និង​គោរព​សិទ្ធិអ្នកដទៃ» ក្នុងការផ្សព្វផ្សាយ​ព័ត៌មាន។ (ខ) បណ្តុះ និងបញ្រ្ជាបផ្នត់គំនិត នៃការផ្សារភ្ជាប់សេរីភាព​ខាងសារព័ត៌មាន ជាមួយកាតព្វកិច្ច និង​ទំនួលខុសត្រូវ​ក្នុងក្របខណ្ឌ​ច្បាប់ ដើម្បី​រក្សា​បាន​នូវ​គុណតម្លៃ និង​ឥទ្ធិពល​ជាវិជ្ជមាន នៃវិជ្ជាជីវៈ​សារព័ត៌មាន​ក្នុងសង្គម​កម្ពុជា។ (គ) តម្រង់ទិស​លើការ​ប្រតិបត្តិ​ក្រមសីលធម៌​ក្នុងវិស័យ​ព័ត៌មាន និង​សោតទស្សន៍ ដើម្បីធានា​សន្តិសុខ​ព័ត៌មាន​នៅព្រះរាជាណាចក្រ​កម្ពុជា និង​បញ្រ្ជាប​ការ​យល់ដឹង​អំពីភាព​ចាំបាច់ នៃការ​អនុវត្ត​ប្រកបដោយសុខដុមនីយកម្ម ក្នុងចំណោមតួអង្គពាក់ព័ន្ធ​ទាំងអស់ នូវគោល​ការណ៍​គ្រឹះ​នៃវិជ្ជាជីវៈ​សារ​ព័ត៌មាន ខណៈគ្រប់តួអង្គត្រូវ​សម្របខ្លួន​ទៅតាមការវិវឌ្ឍ​រីកចម្រើន​នៃបច្ចេកវិទ្យា និង​បញ្ញាសប្បនិម្មិត (AI) ដើម្បីធានា​នូវ​លំហសេរីភាព​ខាងសារព័ត៌មាន ប្រកបដោយ​គុណភាព សុវត្ថិភាព និង​បរិយាប័ន្ន។ (ឃ) លើក​កម្ពស់​ការផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ប្រកប​ដោយ​តុល្យភាព និង​មានប្រភពច្បាស់លាស់ ព្រមទាំង​ចូលរួមបង្ការ ទប់ស្កាត់ និង​ប្រឆាំង​ដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និង​ព័ត៌មានភាន់ច្រឡំ ព័ត៌មាន​ដែលមានលក្ខណៈខុសពីការពិត ដើម្បីធានា​ភាព​ជឿជាក់ និងទុកចិត្ត​ក្នុងសង្គម​ជាតិទាំងមូល សំដៅ​លើក​កម្ពស់​វិស័យ​សារព័ត៌មាន តាមគន្លងមាគ៌ានៃលទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋក្នុងការ​រួមចំណែក​ធានា​បាន​នូវ​សន្តិសុខ​ព័ត៌មាន ការពារ និងថែរក្សា​សុខសន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅកម្ពុជា។

អានធម្មនុញ្ញវិជ្ជាជីវសារព័ត៌មាន