ព័ត៌មានជាតិ

ក្រសួងការងារអន្តរាគមន៍​បញ្ជូន​ពលការិនីខ្មែរនៅប្រទេស​អារ៉ាប៊ីសាអូឌីត២៦នាក់បន្ថែមទៀតត្រឡប់​មក​កម្ពុជាវិញ

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ឱ្យដឹងថា ក្រោម​កិច្ចសហការ​យ៉ាងសកម្ម​ជាមួយ​ក្រសួងការបរទេស ស្ថានទូតកម្ពុជា​ប្រចាំប្រទេស​អារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាល​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ស្ថាប័នពាក់ព័ន្ធ បានអន្តរាគមន៍ និង​សម្របសម្រួល​ឱ្យ​បងប្អូន​ពលការិនីចំនួន២៦នាក់បន្ថែមទៀត បានវិលត្រឡប់មក​ប្រទេស​កម្ពុជាវិញ នៅថ្ងៃទី១ និង​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

បើតាម​ក្រសួងការងារ គិតត្រឹមថ្ងៃនេះ ក្រសួងបាន​រៀបចំ​ឱ្យបងប្អូន​ពលការិនី​វិលត្រឡប់មក​មាតុប្រទេស​វិញ​សរុប​ចំនួន ១០៤នាក់រួចហើយ។

ការមកដល់របស់បងប្អូនពលការិនី ត្រូវ​បានទទួលស្វាគមន៍​យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងការងារ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង​នៅទីស្តីការ​ក្រសួងការងារ ដោយបងប្អូន​ពលការិនី​បានជួបជុំជាមួយ​ក្រុមគ្រួសារ​ប្រកបដោយភាពនឹករលឹក និង​សប្បាយរីករាយ។

បន្ថែមពីនេះទៀត មន្រ្តីជំនាញពាក់ព័ន្ធរបស់ក្រសួង ក៏​បានផ្តល់​ការពិនិត្យសុខភាពដល់បងប្អូនពលការិនី ណែនាំ​អំពី​ឱកាស​ការងារ​ដើម្បីផ្តល់​ការងារថ្មីធ្វើ និង​ការ​ចូល​រៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ព្រមទាំង​ជូនបងប្អូន​ពលការិនី​ទៅកាន់គេហដ្ឋានរៀងៗខ្លួន​ប្រកបដោយសុវត្ថិភាព៕