អន្តរជាតិ

នាយករដ្ឋមន្រ្តីបង់ក្លាដែស ប្រកាសលាលែងពីតំណែង និងភៀសខ្លួនចាកចេញពីប្រទេស

នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានប្រកាសលាលែងពីតំណែង និងចាកចេញពីប្រទេសនៅថ្ងៃទី០៥ ខែសីហា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្រុ​​មបាតុកររាប់ពាន់នាក់បានសម្រុកចូលនិវេសនដ្ឋានផ្លូវការរបស់លោកស្រីនាយករដ្ឋមន្ត្រីក្នុងរដ្ឋធានី Dhaka។

ប្រភព​មួយចំនួនបានបញ្ជាក់ថា​ នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស លោកស្រី Sheikh Hasina បាន​ចាក​ចេញ​ពី​និវេសនដ្ឋានផ្លូវការរបស់លោកស្រី ក្នុងគោលបំណងដើម្បីស្វែងរកកន្លែងមាន​សុវត្ថិភាព ខណៈ​ក្រុម​អ្នក​តវ៉ា​បានបន្តប្រមូលផ្តុំគ្នានៅក្នុង​រដ្ឋធានីប្រទេសនេះ។ ក្នុងនោះផងដែរ មេដឹកនាំក្រុមនិស្សិតដែលបានតវ៉ា បានទាមទារឱ្យលោកស្រីចាកចេញពីតំណែងរបស់ខ្លួនផងដែរ។

គួរឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៩០នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់ម៉ឺននាក់នៅក្នុងប្រទេសបង់ក្លាដែសកាលពីថ្ងៃអាទិត្យកន្លងទៅ។ ក្នុងអំឡុងពេលនៃការប្រមូលផ្តុំតវ៉ានេះ សេវាអ៊ីនធ័រណេតក្នុងប្រទេសក៏ត្រូវបានកាត់ផ្តាច់ជាច្រើនម៉ោងផងដែរ។

ដើមចមនៃភាពចលាចលនេះបានកើតចេញពីការតវ៉ារបស់ក្រុមនិស្សិត ដែលបានផ្ទុះឡើងចាប់តាំងពីខែកក្កដាមក ដែលក្រុមនិស្សិតបានធ្វើការអំពាវនាវឱ្យលុបចោលកូតាក្នុងការងារមន្ត្រីរាជការ ប៉ុន្តែចាប់តាំងពីពេលមានការតវ៉ានោះផ្ទុះឡើងមក វាក៏បានផ្លាស់ប្តូរ និងរីករាលដាលទៅជាចលនាប្រឆាំងរដ្ឋាភិបាលកាន់តែទូលំទូលាយពាសពេញផ្ទៃប្រទេសតែម្តង។

មកដល់ពេលនេះ មានមនុស្សយ៉ាងហោចណាស់ ២៨០នាក់ហើយបានស្លាប់ដោយសារភាពចលាចល និងការប៉ះទង្គិច ដែលបានជំរុញឱ្យរដ្ឋាភិបាលបន្ថែមការរឹតបន្តឹងការចូលប្រើសេវាអ៊ីនធឺណិតនៅក្នុងតំបន់មួយចំនួននៃប្រទេសដែលមានប្រជាជនប្រមាណ ១៧០លាននាក់នេះ៕