ព័ត៌មានជាតិ

លោក ប៉ែន បូណា លើកឡើង៦ចំណុច នៃរបងការពារបូរណភាពទឹកដីដ៏រឹងមាំរបស់កម្ពុជា

ភ្នំពេញ÷លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល នារសៀលថ្ងៃទី៣ ខែសីហា បានលើកឡើង៦ចំណុច នៃរបងការពារបូរណភាពទឹកដីដ៏រឹងមាំរបស់កម្ពុជា។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នូវរបងការពារដូចខាងក្រោម៖

១.កម្ពុជាមានបង្គោលព្រំដែនដ៏រឹងមាំដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការចរចាយ៉ាងស្វិតស្វាញជាមួយប្រទេសជិតខាងដើម្បីកសាងរបងផ្ទះឱ្យបានច្បាស់លាស់និងមាំទាំក្នុងគោលបំណងធានាឱ្យបាននូវបូរណភាពទឹកដីរបស់ខ្លួនឱ្យបានជាដាច់ខាត។

២. ផ្លូវក្រវាត់ព្រំដែនត្រូវបានកសាងឡើងភ្លាមៗក្រោយពីបង្គោលព្រំដែនត្រូវបានបោះរួចដើម្បីធ្វើជាខ្សែក្រវាត់ទី២បន្ទាប់ពីបង្គោលខ័ណ្ឌសីមា។ ផ្លូវនេះមានសារសំខាន់ណាស់ពីព្រោះវាមិនគ្រាន់តែអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានងាយស្រួលតាមបណ្តោយព្រំដែននិងអាចដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារដោយងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែ មានផ្លូវគឺមានការអភិវឌ្ឍ។ ការអភិវឌ្ឍតាមបណ្តោយព្រំដែន គឺជាគ្រឹះដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដី។

៣. ប៉ុស្តិ៍នគរបាលត្រូវបានសាងសង់ជាហូរហែនៅតាមបណ្តោយផ្លូវក្រវាត់ព្រំដែនដើម្បីរក្សាការពារបូរណភាពទឹកដីផង និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនផង។ នេះគឺជាសក្ខីភាពដែលបញ្ជាក់ថា តំបន់ជាប់ព្រំដែនមិនត្រូវបានបោះបង់ចោលឡើយ។ ផ្ទុយទៅវិញ គឺជាតំបន់ដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល។

៤. ប្រជាពលរដ្ឋបានទៅតាំងទីលំនៅតាមផ្លូវក្រវាត់ព្រំដែនកាន់តែច្រើនឡើងដែលធ្វើឱ្យតំបន់ព្រំដែនមានសកម្មភាពរស់រវើក ដូចជាការលក់ដូរ វត្តអារាម សាលា រៀន ការប្រកបរបរដាំដំណាំកសិកម្មផ្សេងៗ និងការនេសាទត្រីជាដើម។ ប្រជាពលរដ្ឋទាំងនោះហើយ ដែលជាឆ្មាំការពារបូរណភាពទឹកដីដ៏រឹងមាំ។ រាជរដ្ឋាភិបាលមានគោលនយោបាយជំរុញការអភិវឌ្ឍតំបន់ព្រំដែននៅគ្រប់ទីកន្លែង។

៥. កម្ពុជាមានមេដឹកនាំដែលប្តូរផ្តាច់ការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី។ ទាំងសម្តេចតេជោ ទាំងសម្តេចធិបតី បានបង្ហាញច្បាស់ពីជំហរដ៏ម៉ឺងម៉ាត់និងដាច់ខាតចំពោះអធិបតេយ្យភាពជាតិនិងបូរណភាព ទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។ បង្គោលព្រំដែន ផ្លូវក្រវាត់ព្រំដែន ប៉ុស្តិ៍នគរបាលព្រំដែន និងវត្តមានប្រជាពលរដ្ឋនៅតាមព្រំដែន ព្រមទាំងការជំរុញការអភិវឌ្ឍតំបន់ព្រំដែន រួមទាំងវិធានការនានា ដូចជា ការមិនអនុញ្ញាតឱ្យពលរដ្ឋលក់ឬជួលដីតាមព្រំដែនឱ្យប្រទេសជិតខាង និងមិនអនុញ្ញាតឱ្យជនបរទេសមានកម្មសិទ្ធិដីធ្លីនៅកម្ពុជាជាដើម គឺជាចក្ខុវិស័យដ៏វែងឆ្ងាយនិងច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី។

និង៦. រាជរដ្ឋាភិបាលមានគោលនយោបាយប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៅតាមជាយដែន។ ចំណុចទាំងឡាយដូចបានលើកឡើងខាងលើសុទ្ធសឹងជាយុទ្ធសាស្ត្រស៊ីជម្រៅនិងជាក់លាក់ក្នុងការរក្សាការពារបូរណភាពទឹកដីរបស់ខ្លួនឱ្យបានគង់វង្សនិងស្ថិតស្ថេរចីរកាលជារៀងរហូតសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត៕