គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលហៅកាត់ថា យូណេស្កូ (UNESCO) បានសម្រេចទទួលយករបាយការណ៍រៀបចំដោយ អាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធការអភិរក្ស និងអភិវឌ្ឍយូរអង្វែង ក៏ដូចជាការរៀបចំនគរូបនីយកម្មនៅ រមណីយដ្ឋានអង្គរ និងតំបន់រុនតាឯក។ នេះបើតាមសេចក្តីប្រកាសព័ត៌របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ការសម្រេចទទួលយករបាយការណ៍ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធការអភិរក្ស និងអភិវឌ្ឍយូរអង្វែងក្នុងរមណីយដ្ឋានអង្គរ និងរុនតាឯកនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៦ នៅរដ្ឋធានីញូវដេលី នៃសាធារណរដ្ឋឥណ្ឌា កាលពីថ្ងៃទី២១ ដល់៣១ ខែកក្កដា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះត្រូវបានអញ្ជើញចូលរួមបើកជាផ្លូវការដោយ ឯកឧត្តម នរិន្ទដ្រា មូឌី Narendra Modi នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា និងលោកជំទាវ Audrey Azoulay អគ្គនាយិកានៃអង្គការយូណេស្កូ។ តាមរយៈកិច្ចប្រជុំដ៏មានសារសំខាន់នោះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឥស្សរជនមួយចំនួន នៃស្ថាប័នទទួលបន្ទុកថែរក្សាការពារសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងក្របខណ្ឌសន្ធិសញ្ញាឆ្នាំ១៩៧២។
បើតាមក្រសួងវប្បធម៌ ជាលទ្ធផលនៃកិច្ចប្រជុំ យូណេស្កូ បានពិនិត្យលើរបាយការណ៍ នៃសម្បត្តិបេតិកភណ្ឌពិភពលោក ដែលស្ថិតក្នុងបញ្ជីគ្រោះថ្នាក់ចំនួន៥៦ បានរងការប៉ះពាល់លើតម្លៃលេចធ្លោជាសកលដោយសារ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និងការស្នើសុំកែសម្រួលតំបន់ការពារ។ យូណេស្កូ ក៏បានពិនិត្យលើរបាយការណ៍ដែលផ្តល់ដោយរដ្ឋភាគីសរុបចំនួន៦៧ ក្នុងនោះរបាយការណ៍ចំនួន១៣ ត្រូវបានលើកមកពិភាក្សា និងចំនួន៥៤ផ្សេងទៀតត្រូវអនុម័តដោយមិនលើកមកពិភាក្សា។ ក្រសួងសង្កត់ធ្ងន់ថា៖«គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានទទួលយករបាយការណ៍ដែលរៀបចំដោយ អាជ្ញាធរជាតិអប្សរា រួមមាន ការអភិរក្សនិងអភិវឌ្ឍយូរអង្វែង ក៏ដូចជាការរៀបចំនគរូបនីយកម្មនៅរមណីយដ្ឋានអង្គរ និងរុនតាឯក»។
ក្រៅពីការសម្រេចទទួលយករបាយការណ៍របស់កម្ពុជានេះ យូណេស្កូ បានផ្តល់អនុសាសន៍ដល់កម្ពុជា ក្នុងនាមជារដ្ឋភាគី អញ្ជើញអ្នកជំនាញពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ស្ថាប័ន ICOMOS និង ICCROM ដើម្បីសិក្សារួមគ្នាអំពីស្ថានភាពទូទៅនៃកិច្ចការអភិរក្ស និងអភិវឌ្ឍនៅក្នុងបរិបទថ្មីដែលជាការរួមបញ្ចូលនៃកិច្ចការពារ បេតិកភណ្ឌរូបី និងអរូបីនៃប្រជាពលរដ្ឋមូលដ្ឋានក្នុងរមណីយដ្ឋានអង្គរ ក៏ដូចជាការរៀបចំនគរូបនីយកម្មថ្មី នៅទីក្រុងរុនតាឯកតេជោសែន។ បន្ថែមលើនោះ គណៈប្រតិភូក៏បានដកស្រង់ និងទទួលយកនូវបទពិសោធ ព្រមទាំងយន្តការថ្មីៗផ្សេងទៀតក្នុងការងារថែរក្សា ការពារសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលបច្ចុប្បន្ន ដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ការរួមចំណែករបស់សហគមន៍ កិច្ចការពារបេតិកភណ្ឌពិភពលោកក្នុងករណីមានជម្លោះ ប្រដាប់អាវុធ និងការគ្រប់គ្រងទេសចរណ៍ប្រកបដោយចីរភាព។
គួរជម្រាបថា យោងតាមសេចក្តីសម្រេចនៃកិច្ចប្រជុំនៅរដ្ឋធានីញូដេលី ក្រសួងវប្បធម៌កម្ពុជា បានគោរពអនុវត្តត្រឹមត្រូវតាមបទដ្ឋានគតិយុត្តនានាជាអន្តរជាតិ និងអនុវត្តតាមលក្ខខណ្ឌតម្រូវនានារបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកផងដែរ។ តំបន់រមណីយដ្ឋានអង្គរ គឺជាបេតិកភណ្ឌពិភពលោកដែលមានផ្ទៃក្រឡាធំជាងគេ និងមានប្រជាជនរស់នៅច្រើនជាងគេ និងបានប្រសិទ្ធនាមថា ជាតំបន់បេតិកភណ្ឌមានជីវិត ព្រោះមានការរស់នៅប្រជាពលរដ្ឋ និងបានថែរក្សាជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ពួកគេជាមួយនឹងប្រាសាទ៕