សង្គម

មេប៉ុស្តិ៍បិតត្រាំងនិងកូនចៅព្រួតគ្នាវាយពលរដ្ឋដែលទៅដាក់ពាក្យប្តឹងបណ្តាលឲ្យបែកមាត់ ហើយថាជាការភ័ន្តច្រឡំ

កាលពីប៉ុន្មានថ្ងៃមុននេះ មន្រ្តីនគរបាល នៃប៉ុស្តិ៍​នគរបាល​បិតត្រាំង នៃ​ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ បានប្រើហិង្សា​ដោយ​វាយ​ដំ​ទៅ​លើ​ប្រជាពលរដ្ឋ​ម្នាក់ ក្រោយ​ពីគាត់បានទៅប្តឹងសមត្ថកិច្ចឲ្យ​ជួយគាត់។

បុរស​ដែលមាន​វ័យ​ប្រមាណជា៣០ឆ្នាំ បាននិយាយនៅលើវីដេអូ​ដែលបង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា គាត់​មាន​បញ្ហា​បាន​រត់​មក​ប្តឹងមន្រ្តីប៉ុស្តិ៍នករបាល​បិត​ត្រាំង​ឲ្យ​ជួយ​គាត់ តែបែរជា​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បិតត្រាំងវាយដំមក​លើរូប​គាត់​យ៉ាងដំណំ​បណ្តាល​ឲ្យ​បែក​មាត់​ទៅវិញ។

ករណីនេះ លោក ហ៊ួ យៃ អធិការស្រុកព្រៃនប់បានថ្លែងថា ពិតជាមានករណីវាយដំប្រជាពលរដ្ឋមែន ប៉ុន្តែវា​ការភ័ន្ត​ច្រឡំ ហើយ​ពេលនេះ ភាគី​ទាំងសង្ខាងបាន​សម្រុះសម្រួល​គ្នា​រួចហើយ។

យ៉ាងណាក៏​ដោយ​ប្រជាពលរដ្ឋ​បាន​លើក​ឡើងថា តើពលរដ្ឋអាចពឹងពាក់សមត្ថកិច្ច​បានដែរ​ឬទេ បើទៅប្តឹងសមត្ថកិច្ច​ឲ្យ​ជួយ បែរជាត្រូវ​សមត្ថកិច្ច​ប្រើហិង្សាវាយដំទៅលើប្រជាពលរដ្ឋទៅវិញ ដូច្នេះសង្ឃឹមថា លោកស្នងការនគរបាលខេត្តព្រះសីហនុ ក៏​ដូចជាថ្នាក់លើ ជួយពិនិត្យ​មើល​ឡើងវិញ​នូវ​សីលធម៌​របស់​សមត្ថកិច្ចនគរបាលប៉ុស្តិ៍បិតត្រាំងផង៕