ព័ត៌មានជាតិ

និយ័តករ អំពាវនាវឱ្យអ្នកប្រើប្រាស់ទូរសព្ទចល័តទាក់ទងទៅលេខ៦៧៨៩ ប្រសិនមានការកាត់ទឹកប្រាក់ ឬមានសកម្មភាពមិនប្រក្រតីណាមួយ

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) កាលពីថ្ងៃពុធ បានចេញសេចក្តីជូនដំណឹងដោយអំពាវនាវឱ្យអ្នកប្រើប្រាស់ទូរសព្ទចល័តទាំងអស់ រាយការណ៍ទៅកាន់លេខទូរសព្ទ៦៧៨៩ ប្រសិនបើមាន និងការកាត់ទឹកប្រាក់ចេញពីគណនី ឬការដាក់លក់ជាថ្មីនៃលេខទូរសព្ទចល័តដែលកំពុងប្រើប្រាស់។

បើតាមសេចក្តីជូនដំណឹងស្តីពីការកាត់ផ្ដាច់ដំណើរការ និងការដាក់លក់ជាថ្មី នៃលេខទូរសព្ទចល័តរបស់អ្នកប្រើប្រាស់ និងការកាត់ទឹកប្រាក់ពីគណនី នៃលេខទូរសព្ទចល័ត ខុសពីច្បាប់ និងបទប្បញ្ញត្តិជាធរមាន បានឱ្យដឹងថា ក្នុងពេលថ្មីៗនេះ និយ័តករទូរគមនាគមន៍កម្ពុជា បានរកឃើញថា​ មានភាពមិនប្រក្រតីមួយចំនួនទៅលើអ្នកប្រើប្រាស់ ដោយបានធ្វើការផាកពិន័យប្រតិបត្តិករទូរសព្ទចល័តមួយចំនួនពាក់ព័ន្ធនឹងការកាត់ផ្ដាច់ដំណើរការលេខទូរសព្ទចល័តរបស់អ្នកប្រើប្រាស់ ដែលកំពុងនៅមានសុពលភាពប្រើប្រាស់ ហើយដាក់លក់លេខទូរសព្ទទាំងនោះជាថ្មី និងការកាត់ទឹកប្រាក់ពីគណនីរបស់អតិថិជនខុសពីតារាងតម្លៃ និងលក្ខខណ្ឌនៃសេវារ៉ូមីងដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម។

ហេតុនេះ និយ័តករទូរគមនាគមន៍កម្ពុជា ក៏បានចេញសេចក្តីជូនដំណឹងដោយស្នើឱ្យអ្នកប្រើប្រាស់ទាំងអស់រាយការណ៍មកលេខទូរសព្ទ៦៧៨៩ ពីបញ្ហាលេខទូរសព្ទចល័តរបស់ខ្លួន ប្រសិនបើបានជួបនូវករណីដូចជា ១.លេខទូរសព្ទដែលខ្លួនកំពុងប្រើត្រូវបានកាត់ផ្ដាច់ដំណើរការ ឬត្រូវបានដាក់លក់ជាថ្មី ដោយមិនបានគោរពតាមរយៈពេល បន្ទាប់ពីផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនី ដូចមានកំណត់ក្នុងសេចក្តីណែនាំ លេខ៨០២១ ន.ទ.ក. ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ ២.ចំនួនទឹកប្រាក់ក្នុងគណនី នៃលេខទូរសព្ទចល័តត្រូវបានកាត់ខុសពីតារាងតម្លៃ និងលក្ខខណ្ឌនៃសេវា ដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម។ ៣.ការភ្ជាប់គម្រោង ឬកញ្ចប់សេវាទូរសព្ទចល័ត ឬសេវាតម្លៃបន្ថែមណាមួយ ធ្វើឱ្យមានការកាត់ទឹកប្រាក់ ដោយមិនមានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់។ និងទី៤.ការមិនទទួលបានដំណោះស្រាយសមស្របណាមួយ ពីប្រតិបត្តិករទូរសព្ទចល័តលើបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់៕