ព័ត៌មានជាតិ

សពអាកាសយានិក២រូបដែលពលីត្រូវបានបូជាក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ដើម្បីយកធាតុមកធ្វើបុណ្យតាមប្រពៃណីនៅភ្នំពេញ

សពអាកាសយានិក២រូបដែលបានស្លាប់ ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅចំណុចភ្នំយ៉ាវយ៉ៃ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបូជានៅព្រឹកនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីយកធាតុមកធ្វើបុណ្យតាមប្រពៃណីនៅរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា មូលហេតុដែលត្រូវបានបូជា គឺដោយសារការដឹកជញ្ជូនសពមានការលំបាក ដោយសារបញ្ហាភ្លៀងធ្លាក់ច្រើន ខណៈការបូជាសពនៅក្បែរទីតាំងកើតហេតុនោះ មានការឯកភាពពីក្រុមគ្រួសារ ដើម្បីយកធាតុមកធ្វើបុណ្យតាមប្រពៃណីនៅរាជធានីភ្នំពេញ។

សូមជម្រាបថា កងកម្លាំងចម្រុះ បានបើកប្រតិបត្តិការរុករកអស់រយៈពេល១៧ថ្ងៃ ទើបប្រទះឃើញឧទ្ធម្ភាគចក្រនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈដែលសពអាកាសយានិក ខេង ឆៃយុទ្ធ ត្រូវបានរកឃើញនៅល្ងាចថ្ងៃទី២៩កក្កដា និងសពអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា ត្រូវបានរកឃើញនៅវេលាម៉ោង១០ៈ៣០នាទីព្រឹកថ្ងៃទី៣០កក្កដា ឆ្នាំ២០២៤៕