បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ ទីបំផុតមទៅកម្លាំងចម្រុះបានប្រទះឃើញ ឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញហើយ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា រយៈពេល២ថ្ងៃនេះ បន្ទាប់ពីអាកាសធាតុអំណោយផល ក្រុមអ្នករុករក បានទៅដល់ចំណុចគោលដៅ ដែលផ្តល់ដំណឹងដោយផ្កាយរណប ហើយក្រុមប្រតិបត្តិការតាមដែនអាកាស បានថតឃើញឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹងនេះ។ ទោះជាយ៉ាងនេះក្តី លោកបានបញ្ជាក់បន្តថា ដោយសារបញ្ហាអាកាសធាតុនៅរសៀលនេះ មានការប្រែប្រួលដូច្នេះ ឧទ្ធម្ភាគចក្រខាងលើ មិនទាន់អាចចូលទៅចតនៅចំណុចនោះបាន ប៉ុន្តែក៏នឹងបានរុញកម្លាំងថ្មើរជើងទៅកាន់ទីនោះ ក្នុងពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធា Z9 បានបាត់ដំណឹងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រតិបត្តិការរុករកត្រូវបានធ្វើឡើងភ្លាមៗ បានប្រើប្រាស់គ្រប់មធ្យោបាយរួមមាន៖ កងកម្លាំងរុករកពីខាងលើ តំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ តាមជ្រោះជ្រលងភ្នំជាដើម៕