ខេត្តកំពត÷ គេឃើញជនស៊ីវិលអង្គុយចាំយកលុយ ពីប្រជាពលរដ្ឋរកស៊ីដឹកទំនិញឆ្លងដែនមកពីប្រទេសវៀតណាម បានលុយស្រួលៗ។ ក្រុមដែលរកស៊ីដឹកទំនិញតាមម៉ូតូប្រាប់ថា ជនស៊ីវិលដែលចាំយកលុយពីពួកគាត់នោះ គឺជាតំណាងឲ្យមន្ត្រីគយខេត្តកំពត។ អ្នករកស៊ីដឹកទំនិញដែលមានទាំងខ្មែរនិងវៀតណាមនិយាយថា បើមិនបង់ ប្រាក់ឲ្យជនស៊ីវិលទាំងនោះទេ គឺមិនអាចដឹកទំនិញឆ្លងដែនតាមម៉ូតូបានដោយសុវត្ថិភាពនោះឡើយ។ ប្រភពខ្សឹបខ្សៀវថា អ្នកដែលឈរចាំយកលុយពីឈ្មួញរកស៊ីដឹកទំនិញតាមម៉ូតូនោះជាសាច់ញាតិរបស់មន្ត្រីគយ ដែលប្រចាំការនៅច្រកព្រំដែនលក នោះតែម្ដង។
ប្រភពពីតំបន់ច្រកទ្វារព្រំដែនតំបន់លក ឋិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា ឈ្មួញដែលដឹក ទំនិញតាមម៉ូតូបន្តិចបន្តួចបានសម្តែងការមិនពេញ ចិត្តចំពោះមន្ត្រីគយចល័តលក ដែលបានប្រេីជនសុីវិល ចាំទារលុយពីពួកគាត់ដែលចំណេញបានបន្តិចបន្តួចពីរបរ រកស៊ីឆ្លងដែននេះ។ គេមើលទៅជនស៊ីវិលទាំងនោះមិន មែនយកលុយដើម្បីចូលក្នុងហិបថវិកាជាតិនោះទេ ។ ប៉ុន្តែជាលុយដែលចូលហោប៉ៅផ្ទាល់ខ្លួន របស់ពួកមន្ត្រីគយប្រចាំនៅច្រកលក ផ្ទាល់តែម្ដង។ ក្រុមអ្នករកស៊ីស្នើដល់អាជ្ញាធរខេត្តកំពតនិងលោកជួប ចំរេីនប្រធានសាខា គយនិងរដ្ឋាករខេត្តកំពតជួយពិនិត្យនិងដោះស្រាយ ធ្វើយ៉ាងណាឱ្យគយប្រចាំការនៅច្រកលក បន្ធូរបន្ថយការទារលុយដល់ពួកគាត់ផង។ ក្រុមអ្នករកស៊ីទាំងនោះ ជា ពិសេសប្រជាពលរដ្ឋនៅតំបន់នោះបានដឹងយ៉ាងប្រាកដថា លុយដែលជនស៊ីវិលឈរតំណាងឲ្យពួកមន្ត្រីគយ គឺច្រកក្នុងហោប៉ៅខ្លួនឯង មិនមែនសម្រាប់ហិបថវិកាជាតិនោះឡើយ។
អ្នករកស៊ីដឹកទំនិញឆ្លងដែនបន្តិចបន្តួចតាមរយៈម៉ូតូ នៅឃុំឫស្សីស្រុកខាងលិច ស្រុកំពង់ត្រាចឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋដែលរស់ នៅក្បែរតំបន់ព្រំដែនសេដ្ឋកិច្ចគ្រួសារត្រូវពឹងផ្អែកទាំងស្រុងទៅលើការងារ ដឹកទំនិញលក់ដូរទំនិញបន្តិចបន្តួចពីប្រទេសវៀតណាម មានដូច ជា ដឹកអយស្ទ័រ,បង្គារ និងមឹក ជាដើម..យកទៅលក់នៅខេត្តកែបនិងខេត្តកំពតហើយអ្នកខ្លះទៀតពឹងលើការងារស៊ីឈ្នួលដឹកជញ្ជូនទំនិញឱ្យគេប៉ុណ្ណោះ។ ជាទូទៅ១ថ្ងៃអាចដឹកបាន១ឬ២ជើងតាមការកម្មង់ពីអតិថិជន។កាល ពីមុនការដឹកទំនិញពីច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក មេគយចល័តលក ជំនាន់មុន មិនបានយកលុយ លើទំនិញដឹកតាមម៉ូតូនោះទេ? ប៉ុន្តែរយៈពេលពីរបីខែកន្លង មកនេះ ក្រោយពេលមានការផ្លាស់ប្តូរមេគយចល័ត មន្ត្រីគយចល័តលក ចាប់ផ្តើមយកលុយខ្ពស់តែម្តង ដោយរាប់កេសយកលុយ ក្នុង១កេសធំ ១ម៉ឺនរៀល កេសតូច ៥ ពាន់រៀល ដែលបានធ្វើឱ្យចំណូលពួកគាត់បានធ្លាក់ ចុះសល់ត្រឹមតែ២ទៅ៣ម៉ឺនរៀលក្នុង១ថ្ងៃ ដែលបង្កផលពិបាកដល់ការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃពួកគាត់។
ក្រុមអ្នករកស៊ីដឹកទំនិញតាមម៉ូតូឆ្លងដែនបានបញ្ជាក់ថា ចំពោះនគរបាលនិងសមត្ថកិច្ចគយ ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិព្រែកចាក ពុំដែលទាមទារឱ្យបង់លុយទេ សម្រាប់ពួកគាត់ដែលទំនិញ ដឹកតាមម៉ូតូមានតែការជួយសម្រួល ហើយអ្វីដែលពិបាកជាងគេ គឺ គយចល័ត. លក ដែលប្រើជនសុីវិលគាបយកលុយស្រស់ៗតែម្ដង។ ជាពិសេសគេដឹងថា ការឈរយកលុយស្រស់ៗពីបណ្ដាជួនស៊ីវិលដែលជាសាច់ញាតិ មន្ត្រីគយនៅតំបន់លកនោះគឺសម្រាប់ហោប៉ៅផ្ទាល់ខ្លួនឯងមិនមែនសម្រាប់ជាចំណូលថវិកាជាតិនោះឡើយ។ ប្រការនេះមេខេត្តកំពត ជាពិសេសលោកអភិបាលខេត្តពិនិត្យមើលពីករណីនេះផងពីព្រោះវាជាផលលំបាក ដល់ការងារនិងជីវភាពរស់ នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕