ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យពង្រឹងការបង្រៀនភាសាខ្មែរ និងគណិតវិទ្យា តាំងពីថ្នាក់បឋមសិក្សាទៅ

នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសឆ្មក់ចុះពិនិត្យវឌ្ឍនភាពសាលាអនុវត្ត ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំងដែលជាសាលាគំរូមួយ បន្ទាប់ពីរាជរដ្ឋាភិបាលអាណត្តិថ្មី មានគោលនយោបាយ ដាក់ឱ្យអនុវត្តសាកល្បងនូវសាលាគំរូមួយចំនួននោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យពង្រឹងការបង្រៀនភាសាខ្មែរ និងគណិតវិទ្យា ដល់សិស្សានុសិស្សចាប់តាំងពីថ្នាក់បឋមទៅ ដើម្បីឱ្យសិស្សមានទុនចំណេះដឹងសម្រាប់រៀនសូត្រថ្នាក់ជាបន្តបន្ទាប់ មានភាពងាយស្រួលនិងសរសេរអក្សរសាស្ត្រជាតិបានត្រឹមត្រូវ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា​ ថ្នាក់បឋមសិក្សា ត្រូវពង្រឹងភាសាខ្មែរ និងគណិតវិទ្យា ហើយម៉ោងរៀនបន្ថែម ឬបំប៉នពេលរសៀល គឺសម្រាប់រម្លឹកមេរៀនដែលបានរៀនពីព្រឹក។ យ៉ាងណាក៏ដោយសាលារៀនបឋមសិក្សា ក៏មានបញ្ចូលកម្មវិធីសិក្សាភាសាបរទេសមួយចំនួនផងដែរ ប្រយោជន៍ឱ្យសិស្សបានចេះ មានមូលដ្ឋានចំណេះដឹងភាសាបរទេស​ បន្តិចបន្តួចពីកុមារ។

សូមរំលឹកថា នាឱកាសនេះសម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានស្តាប់របាយការណ៍នានា ដោយចង់ដឹងពីតម្រូវការបន្ថែមពីលោក នាយក លោកគ្រូ អ្នកគ្រូ ដើម្បីឱ្យគោលនយោបាយពង្រឹងវិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាព៕