ព័ត៌មានជាតិ

ខណៈឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទងឈានចូលដល់ថ្ងៃទី១៣ហើយ ,សម្តេចធិបតីណែនាំឲ្យនៅតែបន្តបេសកកម្មរុករក

ខេត្តពោធិ៍សាត់÷សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តដល់កិច្ចប្រឹងប្រែងរបស់ក្រុមរុករក ដើម្បីស្វែងរកអាកាសយានិក ដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ទោះក្នុងភូមិសាស្ត្រ និងស្ថានភាពអាកាសធាតុដ៏លំបាកក្តីអស់រយះពេល១៣ថ្ងៃកន្លងមកនេះក៏ដោយ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចធិបតី កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដាបានណែនាំក្រុមរុករកត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប ។

សូមរំលឹកថា កាលថ្ងៃ ទី១២កក្កដាឧទ្ធម្ភាគចក្រ១គ្រឿងរបស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ធុន Z-9 លេខ MH912 ដឹកនាំដោយ លោក ស៊ុន ផល្លា ជាប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិកហោះហើរ ក្នុងពេលហ្វឹកហ្វឺន ខ្សែរត់ពីភ្នំពេញទៅថ្មដា,បន្តទៅពោធិសាត់ហើយត្រឡប់មកវិញ តែបានបាត់ការទាក់ទងជាមួយ ទីបញ្ជាការទ័ពអាកាសនៅពេលហោះហើរនៅម្តុំជួរភ្នំក្រវ៉ាញ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួង ការពារជាតិ បានស្រាយបំភ្លឺថា ការអូសបន្លាយពេលរុករកយូរដូចនេះ គឺដោយសារតែអាកាសធាតុនៅតំបន់ភ្នំ ធ្លាក់ភ្លៀងខ្លាំង ហើយចុះអ័ព្ទ ដិតជាប់នឹងព្រៃ ដែលកម្លាំងល្បាតដោយថ្មើរជើង និងពីលើអាកាសមិនអាចសម្លឹងមើលបានឆ្ងាយ។

យ៉ាងណាក៏ដោយកាលពីថ្ងៃទី២២ខែកក្កដា តាមរយៈបណ្តាញទំនាក់ទំនងសង្គម នាយឧត្តមសេនីយ៍ ឈុំ សុជាតបានបង្ហាញសេចក្តីសង្ឃឹមថា យើងនឹងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ ខណៈមេឃឈប់ភ្លៀងហើយអ័ព្ទបានរំសាយដែលអំណោយផលដល់ការរុករក ដោយអាចសម្លឹងមើលបានឆ្ងាយពីលើអាកាស។

ទន្ទឹមនេះ ការរុករកចាប់ផ្តើមអនុវត្តវិធីសាស្ត្រឧទ្ធម្ភាគ ចក្រដឹកកម្លាំងល្បាតយកទៅសម្រូតចុះតាមខ្សែដាក់នៅតាមចំណុចសង្ស័យ ហើយមានព្រៃក្រាស់ៗដើម្បីរុក។

សូមបញ្ជាក់ថា នៅពេលចុងក្រោយនេះកម្លាំងរុករកបាន កើនឡើងដល់ជាង១០០០នាក់ហើយ ដោយមានកម្លាំងថ្មើរជើង ក្រុមអាកាស និងកម្លាំងសង្រ្គោះ៕