មានរឿងចោរឆក់ពលរដ្ឋស្លូតត្រង់ប្រចាំស្រុកព្រៃកប្បាសជាច្រើនករណី ប៉ុន្តែសមត្ថកិច្ចស្រុកមួយនេះនៅតែកំណត់មុខសញ្ញាយកមកផ្តន្ទាទោសបាននៅឡើយទេ បើទោះជាសកម្មភាពចោរឆក់ជារឿងដដែលៗក៏ដោយ។
ជាក់ស្ដែងមានករណីចោរឆក់កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ដោយយកលុយអស់ជិត២ពាន់ដុល្លារដោយសុវត្ថិភាព នៅតាមផ្លូវចូលភូមិព្រៃឈើទាល ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ក្រោយពីមានការផ្លាស់ផ្ដូរអធិការរងទទួលផ្នែកព្រហ្មទណ្ឌប្រចាំស្រុកព្រៃកប្បាសថ្មី ហើយមកទល់ពេលនេះ គេនៅមិនទាន់កំណត់មុខសញ្ញាជនសង្ស័យបាននៅឡើយទេ។
បើតាមសេចក្តីរាយការណ៍ថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូមិនស្គាល់ម៉ាកចេញទៅដោយសុវត្ថភាពរួមទាំងកាបូបលុយមួយទូរសព្ទ័មួយគ្រឿនិងលុយជិត២០០០ដុល្លារ ហើយជនរងគ្រោះបានត្រឹមដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចប៉ុណ្ណោះ។
តាមការបង្ហើបពីជនរងគ្រោះ លុយខាងលើគាត់យកទៅបើកឲ្យក្រុមជាងធ្វើផ្ទះតែមិនទាន់បានទៅដល់ផ្ទះផង ក៏ត្រូវបានចោរមិនស្គាល់មុខជិះម៉ូតូមិនស្គាល់ម៉ាកឆក់យកទៅបាត់។
ជុំវិញករណីខាងលើលោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា ពិតជាមានករណីចោរឆក់នៅចំណុចខាងលើពិតមែន តែកម្លាំងរបស់លោកមិនទាន់កំណត់មុខសញ្ញាបាននៅឡើយទេ ហើយក៏មិនទាន់រាយការណ៏ជូនថ្នាក់លើដែរ។
ពលរដ្ឋស្រុកព្រៃកប្បាសទាំងមូលក៏ដូចជាពលរដ្ឋនៅស្រុកក្បែរៗគ្នាបានឲ្យដឹងថា សកម្មភាពចោរឆក់នៅស្រុកព្រៃកប្បាសដូចជាមិនស្រាកស្រាន្តសោះដោយមិនថាយប់ ឬថ្ងៃនោះទេ ហើយសកម្មភាពដដែលៗនេះជាក្ដីបារម្មណ៏របស់ពួកគាត់ ដោយមានពលរដ្ឋនិងមន្រ្តីរាជការក្នុងស្រុកព្រៃកប្បាសថា ស្ថាប័នសមត្ថកិច្ចផ្សេងមួយទៀតមិនបានខ្វល់ពីសន្តិសុខជូនពលរដ្ឋទេ តែបែរជាកេនគ្នាមកលេងល្បែងពេញៗបន្ទាយរាល់ថ្ងៃទៅវិញ៕