ក្នុងយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធជិត១០ម៉ឺននាក់នៅទូទាំងប្រទេសកាលពីពេលថ្មីៗនេះ គេបានរកឃើញមន្រ្តីរាជការសរុបចំនួន៩៧នាក់មានសារធាតុញៀនក្នុងខ្លួន ហើយក្នុងនោះ ៨៩នាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌរដ្ឋ។
លោកឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍ថា រហូតមកដល់នឹងពេលបច្ចុប្បន្ននេះ ការធ្វើតេស្តរហ័សរកសារធាតុញៀនតាមរយៈទឹកមូត្រអនុវត្តលើមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទាំងអស់មានចំនួន ៩៩ ៣០០នៅទូទាំងប្រទេស បានរកឃើញអ្នកប្រើប្រាស់សារធាតុញៀនដែលហាមឃាត់ចំនួន ៩៧នាក់។ ក្នុងចំណោម ៩៧នាក់នេះ គឺមាន ៨៩នាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌរដ្ឋរួចហើយ នៅសល់ ៧នាក់កំពុងតែបន្តនីតិវិធី និងម្នាក់ផ្សេងទៀតកំពុងតែធ្វើការតាមដាន។
ការធ្វើតេស្តនេះត្រូវបានធ្វើឡើងតាមបទបញ្ជាលេខ ០១ របស់រដ្ឋាភិបាលចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ, មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា។
បើតាមលោកឧត្តមសេនីយ៍ មាស វីរិទ្ធ បញ្ហាចរាចរណ៍គ្រឿងញៀនខុសច្បាប់ឆ្លងដែន និងការបោសសម្អាតបញ្ហាគ្រឿងញៀនក្នុងស្ថាប័នរដ្ឋ គឺរាជរដ្ឋាភិបាលកំពុងតែដាក់វិធានការណ៍តឹងរឹងបំផុតចំពោះមន្ត្រីណាដែលពាក់ព័ន្ធគ្រឿងញៀន។ ករណីជួញដូរគ្រឿងញៀន ដែលប្រព្រឹត្តដោយមន្រ្តីរាជការសាធារណៈគឺត្រូវបានអនុវត្តច្បាប់យ៉ាងម៉ឺងមាត់ ត្រឹមត្រូវហើយមានស្ថានទម្ងន់ទោសទៀតផង ពិសេសគឺទៅលើកងកម្លាំងប្រដាប់អាវុធ។
លោកឧត្តមសេនីយ៍ក៏បានឱ្យដឹងផងដែរថា ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជានាពេលបច្ចុប្បនេះមានមិនលើសពី ៣ ទៅ ៤ម៉ឺននាក់នោះទេ។ ក្នុងនោះ ភាគច្រើនប្រមាណជា ៨០ភាគរយ មានអាយុចន្លោះពី ១៨ ទៅ ៣៥ឆ្នាំ ដែលជាក្រុមយុវជន។ លើសពីនោះ ក្នុងចំណោមអ្នកប្រើប្រាស់ទាំងនោះ ក៏មានស្រ្តីក្រោម ១០ភាគរយផងដែរ។
ដើម្បីទប់ស្កាត់ក្រុមយុវជនកុំឱ្យធ្លាក់ខ្លួនជាអ្នកប្រើប្រាស់គ្រឿងញៀនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរពាក់ព័ន្ធកំពុងតែបង្កើនការផ្សព្វផ្សាយពីផលប៉ះពាល់ ពីគ្រោះថ្នាក់គ្រឿងញៀន និងពីច្បាប់ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនផងដែរ។ ក្នុងរយៈពេលឆមាសទី១ នៃឆ្នាំ ២០២៤នេះ ពរលដ្ឋប្រមាណជា ១៦លាននាក់ ដែលស្មើនឹងចំនួនពលរដ្ឋកម្ពុជាបានចូលរួមផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននេះ៕