រដ្ឋបាលខេត្តកណ្តាលបានដាក់ចេញនូវឱសានុវាទត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឱ្យម្ចាស់ក្រុមហ៊ុនស្រាបៀរ និងម្ចាស់អាជីេះកម្ម សេវាកម្មផ្សាយពាណិជ្ជកម្មទាំងអស់ ធ្វើការរុះរើចេញនូវផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរឱ្យអស់ពីកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្រ្តខេត្តកណ្តាល ត្រង់ចំណុចចាប់ពីព្រំប្រទល់រាជធានីភ្នំពេញ រហូតដល់ព្រំប្រទល់ខេត្តព្រៃវែង។
ក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ផ្ទាំងផ្សាយពាណិជ្ជកម្មស្របៀរ ពុំមានច្បាប់អនុញ្ញាត ពុំមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយត្រឹមត្រូវ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ សោភ័ណភាពសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។
យ៉ាងណាក៏ដោយ ក្នុងករណីយឺតយ៉ាវ ឬមិនបានអនុវត្តតាមការជូនដំណឹង ក្រុមការងារចម្រុះរដ្ឋបាលខេត្ត នឹងធ្វើការរុះរើប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទក្នុងភូមិសាស្រ្តខាងលើ និងចាត់វិធានការច្បាប់។