ព័ត៌មានជាតិ

ប្រតិបត្តិការឈានចូលដល់ថ្ងៃទី៨ហើយដើម្បីស្វែងរកឧទ្ធម្ភាគចក្រនិងអ្នកបើកបរពីរនាក់ដែលបាត់ខ្លួន

ខេត្តពោធិ៍សាត់÷ចាប់តាំងពីថ្ងៃទី ១៣កក្កដារហូតដល់ថ្ងៃទី ២១កក្កដានេះ ការស្វែងរកឧទ្ធម្ភាគចក្រនិងអ្នកបើកបរពីរនាក់ដែលបាត់ខ្លួននៅមិនទាន់មានប្រភពណាបង្ហាញថាបានរកឃើញឬក៏មានតម្រុយដែលអាចនឹងឈានទៅរកឃើញនៅឡើយនោះទេ។

ប្រតិបត្តិការនេះបានធ្វើឡើង១ថ្ងៃក្រោយឧទ្ធម្ភាគចក្របានបាត់ខ្លួនកាលពីថ្ងៃទី១២កក្កដាឆ្នាំ២០២៤។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួង ការពារជាតិ បានបញ្ជាក់ថា បញ្ហាអាកាសធាតុដែលភ្លៀងខ្លាំងនិងចុះអ័ព្ទបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង។

ប្រតិបត្តិការរុករកនេះ បានប្រើប្រាស់ កម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ និងកងកម្លាំងរុករកពីខាងលើ តំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ និងយន្តហោះដ្រូន ។ នៅពេលចុងក្រោយនេះកម្លាំងរុករកបានកើនឡើងដល់ជាង១០០០នាក់ហើយដោយពាក់អាវភ្លៀងចុះប្រតិបត្តិការ។

កាលពីថ្ងៃទី១៧ ខែកក្ដដា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានចុះទៅដឹកនាំផ្ទាល់ក្នុងប្រតិបត្តិការរុករកនេះ។

ដោយឡែកអាជ្ញាធរខេត្តពោធិ៍សាត់ដែលជាម្ចាស់ភូមិសាស្ត្រក៏បានចូលរួមគាំទ្រក្នុងប្រតិបត្តិការស្វែងឧទ្ធម្ភាគចក្រដែលបាត់ខ្លួននេះដែរ។ នេះបើតាមលោកហៀមឃួនអភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តពោធិ៍សាត់។

លោកហៀមឃួន ប្រាប់ថា អាជ្ញាធរខេត្តពោធិ៍សាត់ចាប់ តាំងពីដើមដៃ បានប្រើប្រាស់កម្លាំងដើរល្បាត កម្លាំងជំនាញ និងក្រុមគ្រូពេទ្យសង្រ្គោះ សហការជាមួយគណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយត្បាតថ្មើរជើងនិងលើអាកាសដោយប្រើឧទ្ធម្ភាគចក្រដើម្បីសម្លឹងមើលពីលើ។

ប៉ុន្តែដោយសារភ្លៀងខ្លាំងជាមួយអ័ព្ទ មួយរយះនេះ ធ្វើឲ្យយើងផ្អាកការហោះហើរសិន។យ៉ាងណាក៏ដោយ ម្សិលមិញនេះ អាជ្ញាធរខេត្តពោធិ៍សាត់បានចាប់ផ្តើមហោះហើរឡើងវិញដោយសហការជាមួយក្រុមកម្លាំង គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយចុះប្រតិបត្តិការរុករកនៅម្តុំភ្នំខ្មោចក្នុងឃុំថ្មដា ស្រុលវាលវែង។

បើតាមមន្ត្រីក្រសួងការពារជាតិបានអោយដឹងថាការវឹកហ្វឺនឧទ្ធម្ភាគចក្រនេះធ្វើឡើងជារាល់ថ្ងៃដែលមានទិសដៅពីភ្នំពេញទៅថ្មដា ហើយពីថ្មដាទៅពោធិ៍សាត់ហើយបកមកភ្នំពេញវិញ។ ហើយឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទងនៅផ្តុំជួរភ្នំក្រវ៉ាញនេះមានមនុស្សជិះ២នាក់គឺអ្នកបើកបរម្នាក់និងជំនួយការម្នាក់។

យ៉ាងណាក៏ដោយប្រតិបត្តិការរុករកនៅតែបន្ត ខណៈអាកាសធាតុហាក់បានប្រសើឡើងវិញ ដែលអំណោយផលដល់ការងារនេះ៕