ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើឱ្យឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្ត្រីក្រសួងព័ត៌មានដកអាជ្ញាប័ណ្ណ និងដាក់ក្នុងបញ្ជីខ្មៅ ចំពោះអ្នកព័ត៌មានណាដែលផ្សាយព័ត៌មានមិនពិត តាមគៀបគេស៊ី និងបំពុលសង្គមដើម្បីកុំធ្វើឱ្យអ្នកព័ត៌មានបួនដប់នាក់នេះ ធ្វើឱ្យប៉ះពាល់ដល់អ្នកព័ត៌មានវិជ្ជាជីវៈ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានត្រូវពិនិត្យមើលបញ្ហាដោយកុំឱ្យអ្នកសារព័ត៌មានមួយចំនួនតូច ដែលកំពុងប្រព្រឹត្តិខុសវិជ្ជាជីវៈ និងក្រមសិលធម៌ ដើម្បីបង្កើតជាមុខរបរ និងតាមគៀបគេស៊ី មកបំផ្លាញដល់អ្នកសារព័ត៌មានដែលគេកំពុងគោរពវិជ្ជាជីវៈយ៉ាងត្រឹមត្រូវ។
សម្ដេចបានបញ្ជាក់ថា «ប្រសិនបើរកឃើញមានអ្នកសារព័ត៌មានទាំងអស់នេះ ត្រូវលុបអាជ្ញាបណ្ណចោល ដើម្បីកុំឱ្យមានបន្ដធ្វើសកម្មភាពទាំងនេះឱ្យខាងតែបាន ។ប៉ុន្ដែអ្នកសារព័ត៌មានខ្លះដោយសារតែផ្សាយលឿន ទើបផ្សាយខុស ហើយគាត់ផ្សាយកែតម្រូវ នោះមិនមែនជាបញ្ហានោះទេ ព្រោះគាត់ពុំមានចេតនា តែសារព័ត៌មានមួយចំនួនមានចេតនាផ្សាយខុស ផ្សាយបំភ្លៃ និងមានចេតនាបង្កើតបញ្ហា និងបំផ្លាញសង្គម នឹងប្រឈមមុខនឹងផ្លូវច្បាប់តែម្ដង»។
ក្នុងន័យនេះ រាជរដ្ឋាភិបាលកំពុងតែទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលកំពុងបង្កើតបញ្ហា និងវាយលុកយ៉ាងខ្លាំង បង្ករផលប៉ះពាល់យ៉ាងធ្ងន់ធរដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។ ជាមួយគ្នានេះ មានបណ្ដាប្រទេសមួយចំនួននៅអ៊ឺរ៉ុប កាណាដា អាម៉េរិក ក៏កំពុងគិតអំពីបញ្ហាព័ត៌មានក្លែងក្លាយនេះផងដែរ។
សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្មានការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ ប៉ុន្ដែត្រូវគោរពសិទ្ធិអ្នកដ៏ទៃ ដើម្បីទទួលបានព័ត៌មានពិត ដោយមិនធ្វើដើម្បីចំណេញនយោបាយ និងធ្វើឱ្យសង្គមមានបញ្ហា។សម្ដេចធិបតីប្រកាសស្វាគមន៍ព័ត៌មានពិត ដើម្បីជួយស្ថាបនា និងចូលរួមអភិវឌ្ឍន៍សង្គមជាតិ។
ក្នុងឱកាសនោះ សម្ដេចធិបតី អំពាវនាវឱ្យអ្នកព័ត៌មានទាំងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានឱ្យបានខ្លាំងក្លាបន្ថែមទៀត។ ម៉្យាវិញទៀត ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ និងផ្ដល់ព័ត៌មានពិតដល់សាធារណជនឱ្យមានការយល់ដឹង និងច្បាស់លាស់។
សូមបញ្ជាក់ថា ព័ត៌មានក្លែងក្លាយ ឬ Fake News បានក្លាយជាប្រធានបទក្តៅគគុកមួយ និង មានការជជែកដេញ ដោលច្រើន នៅក្នុងចំណោម អ្នកជំនាញ សារព័ត៌មាន ក៏ដូចជា ពលរដ្ឋទូទៅក្នុងពិភពលោក។ សម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយព័ត៌មាន ក្លែងក្លាយ ត្រូវបានប្រើជាមធ្យោបាយមួយ ដើម្បីជះឥទ្ធិពលទៅលើផ្នត់គំនិត និងការសម្រេចចិត្តរបស់ពលរដ្ឋដែលមានការចាប់អារម្មណ៍ពីផ្នែកនយោបាយ រហូតដល់ ការទិញលក់ ផលិតផល តូចតាចតាម បណ្តាញសង្គម ឬអ៊ីនធឺណិតជាដើម៕