សង្គម

ថ្ងៃនេះ កម្ពុជាមានករណីឆ្លងកូវីដ​១៩ថ្មី​ចំនួន១ករណីបន្ថែម ​​​និង​មានករណីជា​សះស្បើយ​៣នាក់

ក្រសួងសុខាភិបាល​កម្ពុជានៅព្រឹក​ថ្ងៃនេះ​បានប្រកាស​ថា គេបានរកឃើញ​ករណីឆ្លង​វីរុសកូវីដ​១៩ចំនួន១ករណីបន្ថែម ដែលជា​ករណីនាំចូល ហើយ​ក៏​មាន​ករណីព្យាបាល​ជា​សះស្បើយ​ចំនួន ៣នាក់ផងដែរ។

ករណីឆ្លង​ថ្មីនេះ គឺទៅ​លើ​បុរស​ជនជាតិ​បារាំង អាយុ៣៧ឆ្នាំ ស្នាក់​នៅ​រាជធានីភ្នំពេញ ដែល​គាត់​បានធ្វើដំណើរ​មក​ពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (តៃវ៉ាន់) បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២០, ហើយបច្ចុប្បន្ន​អ្នកជំងឺត្រូវ​បានដាក់​ឲ្យ​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

ដោយ​ឡែកអ្នកជា​សះស្បើយ​ចំនួន៣នាក់ មាន បុរស​ជនជាតិ​ឥណ្ឌូណេស៊ី អាយុ​២៦ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយ​ក្នុង​ក្រុង​ព្រះសីហនុ, បុរសជនជាតិខ្មែរ​ អាយុ ២៩ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​រាជធានីភ្នំពេញ និង ស្រ្តីជនជាតិ​បារាំង​អាយុ​៣៣ឆ្នាំ ស្នាក់នៅ​សណ្ឋាគារមួយ​ក្នុង​ក្រុងព្រះសីហនុ៕