ខេត្តរតនគិរី÷ ទោះបីរាជរដ្ឋាភិបាល មិនមានគោលការណ៍ឲ្យយកលុយពីថ្លៃអុសចន្ទីនាំចេញទៅលក់នៅប្រទេសជិតខាងយ៉ាង ណាក៏ដោយ ប៉ុន្តែសម្រាប់សមត្ថកិច្ចប្រចាំការនៅលើកំណាត់ផ្លូវជាតិលេខ៧៨ ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវនៅតែបន្តយកថ្លៃសេវាក្រៅផ្លូវការច្រើនដដែល។ សមត្ថ កិច្ចច្រើនស្ថាប័នបង្គាប់ទារប្រាក់ពីប្រជាពលរដ្ឋដឹកអស់យកទៅលក់នៅប្រទេសវៀតណាម ដែលក្នុង១ស្ថាប័នត្រូវគេប្រាប់ថា យក២ម៉ឺនរៀលគ្រាន់បានជួយទប់ថ្លៃបាយទឹក។ នេះបើតាមក្រុមប្រជាពលរដ្ឋដឹកអុសចន្ទីទៅលក់នៅប្រទេសវៀតណាមបានប្រាប់ក្រុមអ្នកយកព័ត៌ មាននៅរសៀលថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៤នេះ។
ជាក់ស្តែងនៅរសៀលថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៤ក្រុមប្រជាពលរដ្ឋដឹកអុសចន្ទីបានរៀបរាប់ថា មានក្រុមអស់ លោកសមត្ថកិច្ចប្រចាំការ លើកំណាត់ផ្លូវជាតិលេខ៧៨ ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវរួមមាន៖គយចល័តសាខា គយនិងរដ្ឋាករ ខេត្តរតនគិរី,កម្លាំងអាវុធហត្ថខេត្ត,កម្លាំងនគរបាលប្រឆាំងបទល្មើសខេត្ត។ ពួកគាត់បន្តថា ក្រៅពីកម្លាំងសមត្ថកិច្ចខាងលើមានកម្លាំងយោធាវរសេនាតូចការពារព្រំដែនលេខ២,កម្លាំងនគរបាលវរសេនាតូចការ ពារព្រំដែនលេខ៦២៣ និងសមត្ថកិច្ចប្រចាំការច្រកទ្ធារអន្តរជាតិអូរយ៉ាដាវផងដែរ។ ប្រជាពលរដ្ឋ អ្នកដឹកអុសនិយាយថា អុស១រថយន្តលក់បាន៨ម៉ឺនរៀលគឺមិនគ្រប់សម្រាប់បង់ឲ្យសមត្ថកិច្ចនៅច្រកព្រំដែនជាច្រើនស្ថាប័ននោះឡើយ។
ពួកគាត់បញ្ជាក់ឲ្យដឹងទៀតថា អុសចន្ទីគឺកាប់ក្នុងចំការខ្លួនឯងផ្ទាល់ និងមួយចំនួនម្ចាស់ដទៃ ឲ្យកាប់យកអុស (សម្អាតចំការគេឲ្យស្អាត)ស្ថិតក្នុងភូមិគងធំ,ភូមិអ៊ុន,ភូមិតេន,ភូមិលែរជាដើម(ស្រុកអូរយ៉ាដាវ)ហើយប្រមូលដាក់ គោយន្តដឹកទៅលក់នៅប្រទេសវៀតណាមក្នុងចំងាយផ្លូវប្រមាណ១៥-២០គីឡូម៉ែត្រក្នុង១តោនតម្លៃ៧-៨ម៉ឺនរៀល (ទុកក្នុងចំការគឺដុតចោល)។ ពួកគាត់គិតថា ដឹកអុសលក់ឲ្យវៀតណាមគ្រាន់បានកម្រៃទប់ទល់ជីវភាពខ្លះ ប៉ុន្តែពេលនេះគឺមិនអាចទៀតទេ មានតែដុតចោលនៅក្នុងចំការតែប៉ុណ្ណោះ។ ពលរដ្ឋអ្នកដឹកអុស បែរជាអស់សំណើចទៅវិញ នៅពេលដែលមន្ត្រីគយមើលទៅហាក់ដូចជាក្រ រហាមខ្លាំងណាស់បានជាខំ មកសុំលុយពីពួកគាត់២ម៉ឺនរៀលនោះ។
តាមក្រុមប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់ដឹកនាំមេត្តាជួយអន្តរាគមន៍ពួកគាត់ផង,បើទុកអុសចន្ទីក្នុងចំការគឺដុតចោលទេ យកទៅលក់គ្រាន់បានកម្រៃខ្លះដើម្បីផ្គត់ ផ្គង់គ្រួសារ និងអាចជួយសម្រាលបន្ទុកការចំណាយដាំដំណាំរួមផ្សំក្រៅពីដំណាំចន្ទីផងដែរ។
ទាក់ទិនទៅនឹងកម្លាំងសមត្ថកិច្ចដាក់កុងត្រូលជជុះចាំយកលុយពីប្រជាពលរដ្ឋដឹកអុសចន្ទី និងរថយន្តដឹកទំនិញផ្សេងៗឆ្លងកាត់ទៅវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវខាងលើនេះដែរ លោកហេង ប៊ុន្នី អភិបាលស្រុកអូរយ៉ាដាវបានប្រាប់អ្នកយកព័ត៌មាននៅរសៀលថ្ងៃដដែលយ៉ាងខ្លីថា ចាំឲ្យអភិបាលរងស្រុកម្នាក់ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះត្រួតពិនិត្យមើលបញ្ហានេះ។ ដោយឡែកមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តរតនគិរីបានលើកឡើងស្រដៀង គ្នាថា សមត្ថកិច្ចពួកគាត់ស៊ីប្រាក់ខែរដ្ឋ(លុយបានពីប្រជាពលរដ្ឋបង់ពន្ធជូនរដ្ឋ)បែរជាមិនធ្វើការបម្រើប្រជា រាស្ត្រ បែរជានាំគ្នាជាន់ករាស្ត្រទៅវិញ គ្រាន់តែដឹកអុសចន្ទីពីចំការខ្លួនឯងទៅលក់សោះក៏កៀបយកលុយដែរគឺអនុវត្តផ្ទុយពីការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល៕