សង្គម

ដោយសារប្រជាជនច្រើនទើបធ្វើឲ្យទឹកស្អាតក្រុងប៉ោយប៉ែតកខ្វក់ជាងពីរខែមកហើយ

ខេត្តបន្ទាយមានជ័យ÷ ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត បានរិះគន់ចំៗទៅកាន់ក្រុមហ៊ុនទឹកស្អាតអានកូ ពាក់ព័ន្ធនឹងការធ្វើប្រព្រឹត្តិកម្មទឹក កង្វះអនាម័យ មានក្លិនស្អុយ ព្រមទាំងមានភាពកខ្វក់ខ្លាំងរយៈពេលជាង២ខែទៅហើយ។

ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតភាគច្រើនលើសលុប បានរិះគន់ចំៗទៅកាន់ក្រុមហ៊ុនទឹកស្អាតអានកូ ពាក់ព័ន្ធនឹងការធ្វើប្រព្រឹត្តិកម្មទឹកកង្វះអនាម័យ ពោលគឺមានក្លិនស្អុយ ព្រមទាំងមានភាពកខ្វក់ខ្លាំងរយៈពេលជាង២ ខែទៅហើយ ខណៈប្រជាពលរដ្ឋខ្លះបានលើកឡើងថា ដំណោះស្រាយ ហាក់បីដូចជាមិនរហ័សដូចដែលពេលប្រមូលលុយថ្លៃសេវាកម្មប្រើប្រាស់ឡើយ…។

តាមរយៈរូបភាព និងប្រភពព័ត៌មានដែលប្រជាពលរដ្ឋបានចែកចាយតាមបណ្ដាញសង្គម នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា រយៈពេល២ខែចុងក្រោយនេះ ទឹកស្អាតរបស់ក្រុមហ៊ុនខាងលើបានប្រែក្លាយជាទឹកស្អុយ ទឹកមានពណ៌ល្អក់កករ ដោយមិនអាចប្រើប្រាស់បាន។

លោក ញឹម ភឿង អភិបាលរងក្រុងប៉ោយប៉ែត និងជាអ្នកនាំពាក្យ បានថ្លែងថា៖ មូលហេតុទឹកស្អាតក្នុងក្រុងប៉ោយប៉ែតប្រឈមការខ្វះខាត និងមានភាពកខ្វក់ ព្រោះកំណើនប្រជាជនស្នាក់នៅកាន់ច្រើនឡើង ពោលគឺប្រមាណ១៨ម៉ឺននាក់ ព្រមទាំងការដ្ឋានសំណង់ មានការរីកច្រើន ជាងមុន ខណៈដែលតម្រូវការប្រើប្រាស់ទឹកស្អាតមានកំណើនកើនច្រើនឡើងផងដែរ៕