កម្ពុជាបានបង្ហាញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ដោយប្តេជ្ញាចិត្តកំណត់ការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីឱ្យបាន៧០% និងរថយន្តអគ្គិសនីឱ្យបាន ៤០%នៅត្រឹមឆ្នាំ២០៥០ ក្នុងគោលដៅសម្រេចបានអព្យាក្រឹតកាបូន។
ក្នុងឯកសារគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ កម្ពុជានឹងផ្តោតសំខាន់ឧស្សាហកម្មផលិតគ្រឿងបង្គុំគាំទ្រដល់វិស័យយានយន្ត និងអេឡិចត្រូនិក, កែសម្រួលអត្រាអាករពិសេសពី៣០% ទៅ១០% សម្រាប់ការនាំចូលរថយន្តអគ្គិសនីសុទ្ធ, លើកទឹកចិត្តពន្ធសម្រាប់ការវិនិយោគដំឡើងរថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តក្នុងស្រុក ដោយធ្វើការបញ្ចុះអត្រាពន្ធអាករនាំចូលសរុបពី ៥០% ដល់ ៩០% ព្រមទាំងបញ្ចុះពន្ធអាករនាំចូលសម្រាប់ការដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រភេទអគ្គិសនីក្នុងស្រុកពី ៦០% ដល់១០០%។ ជាមួយគ្នានេះ កម្ពុជាក៏នឹងអភិវឌ្ឍបណ្តាញស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីដើម្បីគាំទ្រដល់ការប្រើប្រាស់យានយន្តអគ្គិសនីផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងបុព្វកថានៃគោលនយោបាយជាតិនេះថា វិស័យយានយន្តអគ្គិសនីនៅកម្ពុជាគឺជាកិច្ចការបន្ទាន់និងចាំបាច់ ដើម្បីត្រៀមខ្លួនឈោងចាប់យកកាលានុវត្តភាពថ្មីៗក្នុងការចូលរួមជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ដើម្បីបង្កើតចន្ទល់ថ្មីៗនៃកំណើន និងការធ្វើបរិវត្តកម្មឆ្ពោះទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុនដូចជា ការកែច្នៃ ការផលិតគ្រឿងអេឡិចត្រូនិក ការផ្តុំនិងការដំឡើងយានយន្ត និងឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យាកាន់អឡិចត្រូនិកកាន់តែទំនើប៕