សង្គម

ឈ្មួញឈ្មោះសាល កំពុងដឹកជញ្ជូនអុសឈើស្រស់កាត់ចេញពីព្រៃអភិរក្សរាល់ថ្ងៃ ខណៈមន្ត្រីជំនាញខេត្តកំពង់ធំ គ្មានចំណាត់ការ

ខេត្តកំពង់ធំ÷ សកម្មភាពកាត់បំផ្លាញព្រៃឈើ នៅក្នុងបន់អភិរក្សឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នៅតែកើតមានជាធម្មតានិងជាចំហ។ ការកាប់ព្រៃឈើទាំងនោះក្រោមលេសកាប់អុស។ គេឃើញរថយន្តធំៗទឹកអុសទើបតែកាត់រួចថ្មីៗ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ជនល្បីខាងបំផ្លាញធនធានធម្មជាតិ ឈ្មោះ សាល និងក្រុមឈ្មួញដទៃ ទៀត នៅក្នុងខេត្តកំពង់ធំ សព្វថ្ងៃបាននិងកំពុងតែបន្តធ្វើសកម្មភាព ដឹកជញ្ជូនអុសឈើស្រស់ ដែលទើបនឹងកាត់ចេញពីព្រៃអភិរក្សយ៉ាងគគ្រឹកគគ្រេង តែស្ថាប័នជំនាញគ្មានចំណាត់ការទាល់តែសោះ។ ភាពស្ងាត់ស្ងៀមនាំឲ្យប្រជាពលរដ្ឋក្នុងតំបន់យល់ឃើញថាសមត្ថកិច្ចត្រូវ រូវជាមួយពួកឈ្មួញ។

ប្រភពបញ្ជាក់ថា តាំងពីយូរមកហើយនិងរហូតមកដល់ពេលនេះ ឈ្មួញឈើអុសស្រស់ ឈ្មោះ សាល បាននឹងកំពុងគៀងគរពលរដ្ឋឱ្យចូលព្រៃទៅកាប់ឈើ ដែលជាធនធានធម្មជាតិ ក្នុងតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅភូមិសាស្ត្រ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំយកមកលក់ឲ្យខ្លួន។ ប្រភពបន្តទៀតថា លោកសាល ដែលជាមេឈ្មួញឈើចាស់វស្សា បានដឹកជញ្ជូនឈើអុសថ្មីៗប្រភេទឈើស្រស់ចេញពីតំបន់ការពារ យ៉ាងអាណាធិបតេយ្យ ចំណែកឯជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នបានរក្សាភាពស្ងៀមស្ងាត់ ហាក់ទទួលបានលាបសក្ការៈពីឈ្មួញសាល នេះ ព្រោះមិនឃើញមានការទប់ស្កាត់ឬក៏បង្ក្រាប ដែលធ្វើឲ្យឈ្មួញឈើម្នាក់នេះ រឹតតែបានដៃ ធ្វើការដឹកជញ្ជូនទាំងយប់,ថ្ងៃ។ រថយន្តដឹកអុសរបស់ឈ្មោះសាល ជាញឹកញាប់ដឹកឆ្លងកាត់មុខស្នាក់ការមន្ត្រីបរិស្ថានឬរដ្ឋបាលព្រៃឈើទៀតផង។

តើអុសដែលគេកំពុងកាប់បំផ្លាញ និងដឹកជញ្ជូនរាល់ថ្ងៃវាជាប្រភេទឈើយ៉ាងដូចម្ដេច? វាជាប្រភេទកូនឈើដែលអនាគតក្លាយជាដើមឈើធំ ដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋឬយ៉ាងហោចណាស់ក៏បានជាជម្រកសម្រាប់សត្វនោះដែរ។ វាជាប្រភេទអុសក៏ពិតមែន ប៉ុន្តែប្រសិនបើគេត្រូវការថែរក្សាធនធានព្រៃ ឈើទាំងនេះ ពោលគឺមិនត្រូវកាប់បំផ្លាញជាដាច់ខាត។ ប៉ុន្តែសព្វថ្ងៃនេះនៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំសកម្មភាពកាត់ព្រៃឈើយកមកធ្វើអុស បាននឹងកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងជាធម្មតា ដោយមិនមានមន្ត្រីជំនាញខាងមន្ទីរកសិកម្ម ឬបរិស្ថានចុះមកត្រួត ពិនិត្យនោះឡើយ។

ប្រភពបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋបាននិងកំពុងឃ្លាំមើលបទល្មើសក្នុងដែនជុំម្រកសត្វព្រៃបឹងពែរនេះ ហើយក៏បានស្នើសុំ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ,លោកប៊ុនសុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ,លោក សុីតូ មន្ត្រីរដ្ឋបាលព្រៃឈើស្រុកស្ទោងនិងជាពិសេស ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ហើយក៏ជាប្រធានគណៈបញ្ជាការឯកភាពខេត្តមេត្តាចាត់វិធានការចុះបង្ក្រាបឈ្មួញឈើរូបនេះផង៕