សង្គម

ធ្លាយរឿងដេញថ្លៃជុសជុលផ្លូវលំនៅ ឃុំ-សង្កាត់ជាច្រើនក្នុងខេត្តកំពង់ស្ពឺ បានលើក្រុមហ៊ុនវឌ្ឍនៈមង្គល របស់លោក ស្រេង ហៃ អនុប្រធានផែនការ វិនិយោគសាលា ខេត្ត

ខេត្តកំពង់ស្ពឺ ៖ ថ្មីៗនេះមានករណីបែកធ្លាយរឿងចរចាក្រៅប្រព័ន្ធ ដោយមិនបាច់ដេញថ្លៃចំពោះគម្រោងសាងសង់ ឬជុសជុលផ្លូវ លំ ពេលនេះគឺគេហែកចែកគ្នាដោយពុំចាំបាច់ដេញថ្លៃជាសាធារណៈនោះទេ។ វាជាអំពើពុករលួយឃុបឃិតរវាងក្រុមមន្ត្រីនៅរដ្ឋបាលខេត្តដែលប្រការនេះគួរក្រសួង មហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយគួរចាត់ស្រាវជ្រាវជាបន្ទាន់ផង។

ប្រភពបានបន្តថា ការដែលធ្វើបែបនេះ ធ្វើឲ្យខាតបង់ថវិកាជាតិរាប់រយលានរៀល ក្នុងមួយឆ្នាំៗ ជាពិសេស គឺរឿងធ្វើផ្លូវបេតុងនៅតាមបណ្ដាមូលដ្ឋានឃុំ-សង្កាត់នានាក្នុងខេត្តកំពង់ស្ពឺតែម្តង។ រឿងមានការឃុបឃិតរវាងមេៗនៅទីចាត់ការផែនការ និងវិនិយោគសាលាខេត្តកំពង់ស្ពឺ បាននាំឲ្យរដ្ឋខាតបង់ថវិកាដ៏ច្រើន ដោយសារអំពើពុក រលួយនោះ។

ជាក់ស្ដែង ក្នុងស្រុកសាមគ្គីមុនីជ័យ និងស្រុកសំរោងទង តាមសេចក្តីរាយការណ៍បានបង្ហើបឲ្យដឹងថា ស្រុកទាំងពីរនេះ ត្រូវបានទៅលើក្រុមហ៊ុនវឌ្ឍនៈមង្គលស្រេងហៃ ជាអ្នកធ្វើផ្លូវបេតុង តាមបណ្ដាឃុំទាំងអស់ ដោយពុំមានការដេញថ្លៃអ្វីឡើយ។ ការធ្វើដូច្នេះ ព្រោះតែមន្ត្រីមូលដ្ឋាន បានឃុបឃិតគ្នាជាប្រព័ន្ធ ដោយចែកភាគរយគ្នា តាមឋានានុក្រម រួមគំនិតគ្នា កឹបកេងថវិកាជាតិ ដោយមិនញញើតច្បាប់ បន្តិចណាទាល់តែសោះ ។

យោងតាមម្ចាស់ក្រុមហ៊ុនមួយរូប មិនធ្លាប់ដេញថ្លៃបានទាល់តែសោះ បង្ហើបប្រាប់ថា ការធ្វើផ្លូវបេតុងឃុំ ជាអ្នកប្រជុំសម្រេចដោយក្រុមប្រឹក្សាខ្លួនឯង ហើយស្នើសុំទៅខេត្ត គ្មាននរណាម្នាក់ មានសិទ្ធិបញ្ជាឃុំនោះទេ បើឃុំដាក់ក្រុមហ៊ុនណា ទៅហើយ គឺបានក្រុមហ៊ុននោះតែម្ដង។ ក្រៅពីឃុំ សំឡឹងឃើញផលប្រយោជន៍ លុយជាធំហើយនោះ គឺឃុំហ្នឹងហើយ ដែលជាអ្នកបំផ្លាញថវិកាឃុំខ្លួនឯង ។

ប្រភពបន្តថា ការចរចាដេញថ្លៃមូលនិធិឃុំ អាចប្រព្រឹត្តទៅបាន គឺមានតែពីរករណីទេ ទីមួយ ករណីប្រធានស័ក ទីពីរ ករណីដេញថ្លៃលើកទី១ និងលើកទី២ មិនមានការចូលរួមដេញថ្លៃ (បរាជ័យ) ទើបអាចចរចាគ្នាបាន ប៉ុន្តែពេលនេះ គឺពុំចាំបាច់ឆ្លងកាត់ដំណាក់កាលទី១ និងទី២ នោះទេ គឺគេចរចាចែកឃុំគ្នា ធ្វើប្រៀបបីដូចជាចែកលុយគ្នាស្ដែងៗ តែម្ដង។

ប្រភពបានឲ្យដឹងថា គ្មាននរណាដេញថ្លៃអ្វីនោះទេ ទោះ បីជាកន្លងមក មានការដេញថ្លៃ គឺអ្នកម៉ៅការចំណេញណាស់។ ព្រោះថវិកា អាចធ្វើផ្លូវលើស១ពាន់ម៉ែត្រ ក្នុងផ្លូវបេតុ១ខ្សែ តែឥឡូវនេះ ធ្វើបានតែ២០០ទៅ ៣០០ម៉ែត្រប៉ុណ្ណោះ ជារួម គឺធ្វើបានតែ៣០%។ ចំពោះក្រុម ហ៊ុន ដែលលេចធ្លោជាងគេ ក្នុងខេត្តកំពង់ស្ពឺ គឺក្រុមហ៊ុនវឌ្ឍនៈមង្គលរបស់លោក ស្រេង ហៃ អនុប្រធានទីចាត់ ការផែនការ វិនិយោគសាលាខេត្តកំពង់ស្ពឺ និងក្រុមហ៊ុនមង្គលមុន្នីខន្ត្រាក់សិន របស់លោក សុវណ្ណ សិរីរ័ត្ន សុទ្ឋតែមានសាច់ញាតិជាម្ចាស់ក្រុមហ៊ុននេះ ក៏ជាអនុប្រធានផែនការនិងវិនិយោគសាលាខេត្តកំពង់ស្ពឺ ផងដែរ ក្រៅពីនោះ នៅមានក្រុមហ៊ុនមួយចំនួនទៀត គឺសហគ្រាសសំណង់ ឈិន ហេងវុទ្ធី (ហ៊ួត វុទ្ធី) និងបណ្ដាក្រុមហ៊ុនផ្សេងៗទៀត ។ល។

សព្វថ្ងៃនេះ ការធ្វើផ្លូវ គឺគេឈប់ដេញថ្លៃហើយ (បើដេញគ្រាន់តែជាឈុតឆាកសម្ដែង ឲ្យល្អមើលតែប៉ុណ្ណោះ) ដោយគេបែងចែកឱ្យគ្នាយ៉ាងស្ងៀមស្ងាត់បំផុត អ្វីដែលជាការសង្ស័យត្រង់ថា ថវិកា ១០ភាគរយ បានទៅលើអភិបាលរង ទទួលបន្ទុកជាមួយនាយករដ្ឋបាលត្រូវកាត់ទុក និង ៥% បានទៅលើក្រុមបច្ចេកទេសហើយ ៥% ទៀតបានទៅលើឃុំ ។ ក្រៅពីនោះ គឺបានទៅលើក្រុម ហ៊ុនទទួលធ្វើ ព្រោះតែហេតុដូច្នេះហើយ បានជាផ្លូវត្រូវធ្វើបានរហូតដល់ ១,៨០០ម៉ែត្រមកត្រឹមតែ ២០០ទៅ ៣០០ម៉ែត្រប៉ុណ្ណោះ ។ បើរឿងនេះ ជារឿងពិតមែននោះ មិនចាំបាច់សួរនាំរកអ្នកបំផ្លាញថវិកាជាតិនោះទេ ។

ប្រភពបន្តថា ត្រង់ចំណុចនេះ គឺអាចយល់បានហើយថា សង្ស័យតែក្រុមមន្ត្រីទាំងអស់នេះហើយ ដែលជាអ្នករួមគំនិតគ្នា ប្រព្រឹត្តអំពើពុករលួយ ។ ម្ចាស់ក្រុមហ៊ុន ដែលមិនសូវបានសើមមាត់ សើមកនឹងគេ ដដែលបានបង្ហើបពាក្យថា ករណីនេះ ក្រសួងមហាផ្ទៃ គួរ តែចាត់ក្រុមអធិការកិច្ច ចុះធ្វើការអង្កេតស្រាវជ្រាវម្ដងហើយ។ ដែលកន្លងមកមិនមែនមិនធ្លាប់មមាន សារព័ត៌មានចុះផ្សាយនោះទេ គឺមានជាហូរហែដែរ តែមិនត្រូវបានយកចិត្តទុកដាក់នោះទេ ។

ពាក់ព័ន្ឋនឹងករណីនេះផងដែរ មន្ត្រីទីចាត់ការផែនការវិនិយោគសាលាខេត្តកំពង់ស្ពឺ មួយរូប ក៏បានបង្ហើបប្រាប់ផងដែរថា ឥឡូវនេះ ដោយមានការណែនាំពីថ្នាក់ដឹកនាំ គឺចាំបាច់តម្រូវឲ្យឃុំ និងក្រុមហ៊ុន ដែលបានចុះបញ្ជីត្រូវតែធ្វើការដេញថ្លៃ ៕

ដោយ:ស៊ិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299