ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បានចាត់ឲ្យក្រុមអធិការកិច្ចចុះស្រាវជ្រាវករណីមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន លោកវរសេនីយ៍ឯក ស ប៊ុនសឿង ដែលមានជម្លោះជាមួយអ្នករត់តាក់ស៊ីករណីលុយ២ម៉ឺនរៀល។
នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា «យើងកំពុងធ្វើការពិនិត្យករណីនេះ ហើយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោយទទួលបានព័ត៌មាននេះ យើងបានចាត់តាំងអធិការកិច្ច ចុះទៅធ្វើអធិការកិច្ចករណីនេះរួចហើយ។ ពេលនេះយើងកំពុងរង់ចាំលទ្ធផលការធ្វើអធិការកិច្ច ដើម្បីមានដំណោះ ស្រាយពាក់ព័ន្ធទៅនឹងករណីនេះ»។
គួរបញ្ជាក់ថា រយៈពេល២ថ្ងៃនេះ មានការចែកចាយតៗគ្នានៅលើបណ្តាញសង្គមករណីជម្លោះរវាងអ្នករត់តាក់ ស៊ីម្នាក់ និងមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិនលោក ស ប៊ុនសឿង ដែលធ្វើឲ្យមានការរិះគន់ និងទទូចឲ្យថ្នាក់ដឹកនាំចាត់ វិធានការចំពោះមេបញ្ជាការរងរូបនេះ។
ប្រភពបានឲ្យដឹងថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក ស ប៊ុនសឿង មេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន ត្រូវបានបុរសអ្នករត់តាក់ស៊ីម្នាក់ចោទប្រកាន់ថា នាំកូនចៅទៅចាប់ក្របួចគាត់នៅផ្សារព្រំ ព្រោះតែរឿងលុយ២ម៉ឺនរៀល។
លោក ហួរ ទ្រី ជាអ្នករត់តាក់ស៉ីដឹកមនុស្ស និងឥវ៉ាន់។ លោកថា លោក ស ប៊ុនសឿង បានជួលឡានលោកដឹកកង់ហាត់ប្រាណដោយឲ្យតម្លៃ៦០០០០រៀល តែគាត់ប្រកែកថាយក ៨០០០០រៀល ទើបលោក ស ប៊ុនសឿង ខឹងខ្លាំង ហើយនាំកូនចៅទៅចាប់ដល់ផ្ទះលោកតែម្ដង។
នាយឧត្តមសេនីយ៍ សៅ សុខា បានចាត់ទុក«ប្រតិកម្មរបស់អ្នកដទៃ វាមិនមានអីខុសទេ ព្រោះជាសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែយើងត្រូវស្រាវជ្រាវរកការពិតសិន ព្រោះយើងមិនអាចទៅដោះស្រាយបញ្ហា ដែលយើងអត់បានដឹងពីដំណើរដើមទងវា យើងមិនកាន់ជើងអ្នកណាដែលរំលោភច្បាប់ណាទេ»។
ជាថ្មីម្តងទៀត នាយឧត្តមសេនីយ៍ សៅ សុខា បានក្រើនរម្លឹកទិសស្លោករបស់លោកគឺ «ប្រទេសត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» និងទិសស្លោកមួយទៀត «ជួយគិត ជួយធ្វើ រួមគ្នា ទទួលខុសត្រូវ»។
នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានអញ្ជើញដឹកនាំក្រុមការងារជួបជាមួយអ្នកបើករថយន្តតាក់ស៊ី និងមេភូមិដើម្បីពន្យល់អំពីនីតិវិធីយន្តការច្បាប់ និងស្វែងរកដំណោះស្រាយករណីនេះផងដែរ។
លោកស្រី បាន ស្រីមុំ បានបញ្ជាក់ថា «បញ្ហានេះអាចជាករណីបន្ទាប់បន្សំ ខ្ញុំធានាយកចំណុចឈ្នះ-ឈ្នះដោះ ស្រាយ តែចំពោះការអនុវត្តន៍ច្បាប់ នៃក្រមវិន័យ នៃមន្រ្តីរាជការ ខ្ញុំប្រគល់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចតាមច្បាប់ស្មើ ភាពចំពោះមន្រ្តីគ្រប់រូប»។
បន្ទាប់ពីមានបាតុភាពនៃវិវាទកើតឡើង សម្រាប់តែមានព័ត៌មាន និងការចុះផ្សាយថាលោក ស ប៊ុនសឿង ធ្លាប់មានរឿងអាស្រូវ ពាក់ព័ន្ធនឹងប្រើហិង្សាធ្វើឲ្យជនសង្ស័យស្លាប់ក្នុងទីតាំងឃុំឃាំងបណ្ដោះអាសន្ននៅខេត្តបន្ទាយ មានជ័យហើយត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ ប៉ុន្តែក្រោយមកស្រាប់តែបានធ្វើជាមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិនទៅវិញ។ តែយ៉ាងណានោះ ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា បញ្ហាទាំង នេះនឹងត្រូវរកឃើញ និងដោះស្រាយជាក់ជាមិនខានឡើយ៕