ខេត្តបន្ទាយមានជ័យ÷ ប្រភពពីប្រជាពលរដ្ឋរាយការណ៍ថា ល្បែងស៊ីសងអនឡាញខុសច្បាប់នៅសណ្ឋាគារ និងកាស៊ីណូ KMH
ក្រុងបោយប៉ែត មានជនបរទេសជាច្រើន ដូចជា ថៃ, ឥណ្ឌូនេស៊ី និង ចិន បាននាំក្រុមបក្ខពួករបស់ពួកគេចូលមករស់នៅក្នុងក្រុងប៉ោយប៉ែត មានច្បាប់ខ្លះនិងលួចចូលឆ្លងដែនមកដោយខុសច្បាប់,ខ្លះគ្មានលិខិត ឆ្លងដែន ដោយមានមេក្រុម ឬមេខ្លោង របស់ពួកគេជា អ្នកដើរតួរក្នុងការជួលអគារពីពលរដ្ឋខ្មែរ ក្រោមលេសដើម្បីស្នាក់នៅ ក្នុងការប្រកបមុខរបររកសុី និងធ្វើជាបុគ្គលិកកាសុីណូ ជាដើម។ ពួកជនបរទេសទាំងនេះបានប្រកបរបររកស៊ីខុសច្បាប់ តាមរយៈល្បែងស៊ីសងអនឡាញនេះជាយូរខែមកហើយនៅក្រុងប៉ោយប៉ែត។
នៅតាមអាគារមួយចំនួន ដែលជនបរទេសបានជួលពីពលរដ្ឋខ្មែរក្រោមកិច្ចសន្យាថា ជួលដើម្បីស្នាក់នៅបែរជាជនបរទេសមួយចំនួន យកអគារនោះមកសម្ងំបង្កើតជា ជម្រកបទល្មើស,បើកល្បែងស៊ីសងអនឡាញខុសច្បាប់ (ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ទៅវិញ ដែលទាំងនេះជាសកម្មភាពមួយ កំពុងបំពានកិច្ចសន្យាជាមួយច្បាប់អគារនិងបំពានច្បាប់ប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ ពួកជនបរទេសទាំងនោះត្រូវគេមើលឃើញថា មានចេតនាទុច្ចរិតក្នុងរបបរកស៊ីមិនស្មោះត្រង់ ហើយក៏មានផងដែរបណ្ដាជនខ្មែរ ដែលចូលរួមចំណែកកសាងបទល្មើសជា មួយជនបរទេសទាំងនោះ។ អាជ្ញាធរមានសមត្ថកិច្ចក្រុងប៉ោយប៉ែតត្រូវគេមើលឃើញថា មិនទាន់មានចំណាត់ ការជាក់លាក់យ៉ាងណា ចំពោះជនបរទេសទាំងនេះទេ។
តាមការជាក់ស្ដែង បើយោងតាមប្រភពព័ត៌មានទុកចិត្តបានផ្តល់មកឲ្យសារព័ត៌មានដឹងថា អាគារមួយកន្លែងដែលមានយីហោសណ្ឋាគារ និងកាស៊ីណូ KMH នៅខាងកើតវត្តស្រះត្រាចស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បច្ចុប្បន្ននេះមានជនបរទេស ចម្រុះជាតិសាសន៍បាននិងកំពុងសម្ងំលាក់ខ្លួនក្នុងអគារមួយនេះមិនមែន ជួលដើម្បីស្នាក់នៅធម្មតានោះទេ គឺយកទីតាំងអគារនេះ ធ្វើជាជម្រកប្រព្រឹត្តបទល្មើសអនឡាញខុសច្បាប់ទៅវិញ។
ពលរដ្ឋរាយការណ៍ថា ក្នុងរូបភាពនេះគឺស្ថិតនៅជាន់ទី ១០ នៃអគារ KMH ហើយគឺជាជម្រកបទល្មើសល្បែងអនឡាញខុសច្បាប់របស់ជនបរទេស និងមានតាមជាន់ផ្សេងៗនៃអគារនេះទៀតផងដែរ។ ក្រៅពីនេះនៅមានអាគារជាច្រើនកន្លែងទៀត ដែលជនបរទេសកំពុងសម្ងំលាក់ខ្លួនជួលអាគារពីពលរដ្ឋខ្មែរស្នាក់នៅ តែបែរលួចបង្កប់បទល្មើសអនឡាញខុសច្បាប់ មិនមែនមានតែមួយកន្លែងនោះទេ នេះបើយោងតាមប្រភពព័ត៌មាន ដែលបានបង្ហើបអោយក្រុមអ្នកសារព័ត៌មានបានដឹង ។
សូមអំពាវនាវ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាពិនិត្យផងថា តើពិតជាមាន ករណីដូចខាងលើ ដែលអង្គភាពយើងទទួលបានដែរឬទេ ? ដើម្បីកុំឲ្យជនបរទេសមួយ ចំនួនឆ្លៀតឱកាស បំផ្លាញកិត្តិយសកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាក្រោមរូបភាព មកជួលអគារស្នាក់នៅដើម្បីធ្វើ ជំនួញ ឬមកបំរើជាបុគ្គលិកក្នុងកាសុីណូនៅក្រុងប៉ោយប៉ែត តែបែរជាពួកគេកៀងគរបក្ខពួកមកសម្ងំង្កើតបទល្មើសអនឡាញខុសច្បាប់ទៅវិញ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299