ខេត្តសៀមរាប៖ ល្បែងស៊ីសង ដូចជា ឆ្នោតកន្ទុយលេខ និងល្បែងស៊ីសងឡូតូ មាន់ជល់តាមអនឡាញជាដើម បាននិងកំពុងកើតនៅពាសពេញក្រុងសៀមរាប ដែលគេមិនដឹងថា លោក វរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប និងលោកអនុសេនីយ៍ឯក សោម សារិទ្ធិ នាយប៉ុស្តិ៍នគរបាលសាលាកំរើក អសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសង ឬយ៉ាងណានោះទេ បានជាទុកឲ្យល្បែង ស៊ីសង កើតពេញក្រុង ដែលជាខេត្តប្រមូលផ្ដុំទៅដោយភ្ញៀទេសចរចំរុះជាតិសាសន៍បែបនេះ?។ ម្យ៉ាងវិញទៀតល្បែងស៊ីសងអនឡាញដ៏ច្រើនស្អេកស្កះ ទាំងនោះហាក់ ដូចជាស្វាគមន៍វត្តមាន នៃការមកដល់របស់ លោកហួត សុធី ក្នុងតំណែងជាស្នងការនគរបាលខេត្តសៀមរាប។
សេចក្តីរាយការណ៍បានឲ្យដឹងថា មានទីតាំងល្បែងស៊ី សង ដែលប្រមូលផ្តុំដោយក្រុមញៀនល្បែងពពាក់ពពូនគ្នាលេងល្បែងស៊ីសងជល់មាន់ និងឡូតូតាមអនឡាញមួយកន្លែងស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ទីតាំងមួយនេះ ត្រូវគេប្រាប់ថា ហាក់ដូចជាបើកចំហយ៉ាងខ្លាំង ដោយមិនញញើតច្បាប់ទម្លាប់អ្វីឡើយ។ ក្រៅពីទីតាំងជល់មាន់ល្បែងឆ្នោតឡូតូតាមអនឡាញនៅទីតាំងខាងលើនេះ ក៏មានទីតាំងផ្សេងទៀតកំពុងដំណើរការដូចគ្នា ទាំងជាយក្រុង ក៏ដូចកណ្ដាលក្រុងសៀមរាបនេះដែរ។
ក្រោយឃើញសកម្មភាពបែបនេះ ទើបមហាជនដឹងថា ស្នងការខេត្តសៀមរាប,ចៅហ្វាយក្រុងសៀមរាប អធិការនគរបាលក្រុង ក៏ដូចជាមេប៉ុស្តិ៍នានាក្នុងក្រុងសៀមរាបមិនមានសមត្ថភាព សូម្បីបង្ក្រាបល្បែងស៊ីសងដែលបើកជាចំហនោះឡើយ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានសង្ស័យថា ទីតាំងល្បែងស៊ីសងអនឡាញទាំងនោះ ទំនងជាបានចែករំលែកផលលាបឬលាបសក្ការៈជូនសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះហើយ ទើបអាចដំណើរការបានជាចំហដូចសព្វថ្ងៃនេះ។ ប្រសិនបើមិនទទួលបានលាបសក្ការៈទេ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍,ក្រុងនិងជំនាញខេត្តមុខជាចុះចាប់ផ្អើលមហាជនថតផ្សាយគគ្រឹកគគ្រេងបាត់ទៅហើយ។ ដូច្នេះរឿងនេះងាយយល់ទេ។
ប្រជាពលរដ្ឋនិយាយថា អាជ្ញាធរមូលដ្ឋាននៅតាមបណ្ដាសង្កាត់និងក្រុង-ខេត្តសៀមរាប មិនបានគោរពទៅតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងមិនគោរពទៅតាមច្បាប់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនោះទេ។ ប្រជាពលរដ្ឋកត់សម្គាល់ថា បញ្អសន្តិសុខចោរលួច,ចោរប្លន់,ចោរឆក់…បាននឹងកំពុងកើតមានយ៉ាងសកម្មនៅក្នុងមូលដ្ឋាននៃក្រុងសៀមរាបសព្វថ្ងៃ ដែលចំណុចអសកម្មកំពុងកើតឡើងនេះដោយសារតែល្បែងស៊ីសងអនឡាញគ្រប់ទិសទីនោះឯង។
សម្រាប់ប្រជាពលរដ្ឋបានត្រឹមតែនិយាយថា ថ្នាក់ដឹកនៅក្នុងខេត្ដសៀមរាប គ្រប់ជាន់ថ្នាក់ទាំងអស់ កំពុងតែដាក់តាំងបង្ហាញ នូវសមិទ្ធផលថ្មីនៃការរីកចំរើន នៅលើវិស័យល្បែងស៊ីសងខុសច្បាប់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយមិនខ្វល់អំពីមុខមាត់ប្រទេសជាតិ និងបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីនោះឡើយ។ មិនតែប៉ុណ្ណោះគេកត់សម្គាល់ឃើញថា ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត ហាក់ដូចជាមានការរីកចម្រើនខ្លាំងនៅក្នុងពេលដែលលោកហួត សុធី បានមកកាន់តំណែងជាស្នងការនគរបាលខេត្តសៀមរាប។
ជុំវិញករណីខាងលើ ក្រុមការងារយើង មិនអាចស្វែងរកសុំការបំភ្លឺពីសាមីពាក់ព័ន្ធណាមួយឡើយ ព្រោះស្វែងរកបណ្ដាញទំនាក់ទំនងមិនទាន់បាន ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299