សង្គម

ក្រុមអាជីវករនៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាំគ្នាបិទតូបលក់ដូរ បង្កឱ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមថា មានមន្ត្រីគយចុះចាប់ទំនិញ

ខេត្តកំពង់ស្ពឺ៖ ក្រុមអាជីវករលក់ដូរនៅទីប្រជុំជននានា នៅតាមដងផ្លូវ និងនៅតាមបណ្តាផ្សារ ក៏ដូចជាលក់ ដូរតាមតូប,តាមផ្ទះ បាននាំគ្នាបិតទាំងស្រុងនៅស្រុកថ្ពង នៃខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៤នេះ បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមនិយាយ តៗគ្នាថា នឹងមានក្រុមគយចល័ត សហការជាមួយសមត្ថកិច្ចចម្រុះ ចុះទៅចាប់ ប្រមូលទំនិញ និងអីវ៉ាន់ គេចពន្ធដោយមិនរើសមុខនោះឡើយ។

ការលេចឮពាក្យចចាមអារ៉ាមនេះទៀតថា តូបលក់ដូរនៅ តាមផ្ទះតាមទីផ្សារនានា ត្រូវបានបិទទ្វារជាបន្តបន្ទាប់ នៅក្នុងស្រុកថ្ពង នៃខេត្តកំពង់ស្ពឺ ក៏ព្រោះតែខ្លាចក្រុមមន្ត្រីគយ ចុះចាប់ប្រមូលអីវ៉ាន់ ឬទំនិញណាដែលមិន បានបង់ពន្ធ។ មួយវិញទៀតក្រុមអាជីវករបាននិយាយ តៗគ្នាថា ខេត្តផ្សេងឃើញមានរឿងចាប់ទូរស័ព្ទ និងនៅខេត្តកំពង់ឆ្នាំងកន្លងទៅ ទើបពួកគាត់មានការភ័យខ្លាច បិទទ្វារតូបលែងហ៊ានលក់ដូរ។

ពាក់ព័ន្ធនឹងករណីផ្អើលថាប្រជាពលរដ្ឋ ក្រុមអាជីវករ លក់ដូរ បិទទ្វារនេះដែរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចេញមកបញ្ជាក់ថា ស្ថាប័នគយមិនមែនជាស្ថាប័នដែលពលរដ្ឋត្រូវភ័យខ្លាចទេនោះទេ ប្រសិនបើអាជីវកររកទទួលទានបង់ពន្ធត្រឹមត្រូវ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវ នាវយ៉ាងទទូចដល់អ្នកបំពុលសង្គម កុំយកបញ្ហានេះធ្វើនយោបាយដែលនាំឱ្យពលរដ្ឋមានការថ្នាំងថ្នាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែង ឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299