កំពត — នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ការដ្ឋានព្រៃជីកហ្វូណនតេជោ ដែលជាព្រែកជីកដ៏ធំរបស់កម្ពុជានឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ខាងមុខ ក្នុងនោះទុនដើម្បីជីកព្រែកនេះ គឺមិនមែនជាលុយបរទេសទាំងអស់នោះទេ ពោលគឺមានភាគហ៊ុនពីអ្នកវិនិយោគកម្ពុជាចំនួន៥១%។
ថ្លែងនៅក្នុងពិធីសម្ពោធកំពង់ផែពហុបំណងខេត្តកំពត ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតីថា គម្រោងព្រែកជីកហ្វូណនតេជោនឹងមានក្រុមហ៊ុនរដ្ឋចំនួន២ គឺកំពង់ផែស្វយ័តរាជធានីភ្នំពេញ និងកំពង់ផែខេត្តព្រះសីហនុចូលរួមជាម្ចាស់ភាគហ៊ុនធំនៅក្នុងគម្រោងនេះ។
«សូមបងប្អូនបន្តជឿជាក់ចុះថាគម្រោងនេះមិនមែនជាផលប្រយោជន៍របស់ប្រទេសណានោះទេ គឺជាផលប្រយោជន៍របស់ជាតិកម្ពុជាប្រជាជនកម្ពុជាពីបច្ចុប្បន្នទៅអនាគត ព្រោះគម្រោងនេះមិនមែនធ្វើប្រាំឆ្នាំហើយកប់វិញទេគឺសម្រាប់រាប់រយឆ្នាំទៅមុខទៀត»។
គម្រោងព្រែកជីក ហ្វូណនតេជោ គឺជាគម្រោងព្រែកជីកដ៏ធំរបស់កម្ពុជាចាក់ទម្លុះទៅកាន់សមុទ្ររបស់កម្ពុជាដោយផ្ទាល់ ឈប់រំពឹងលើសមុទ្ររបស់វៀតណាមនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង៕