ខេត្តក្រចេះ÷ ទោះជាមានការរិះគន់ពីប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន ដែលបានផ្សព្វផ្សាយក្នុងន័យស្ថាបនា ទៅលើសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនដែលឈរជើងចាំបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងណាក៏ដោយ ក៏នៅតែមានការដឹក ជញ្ជូនធ្យូងខុសច្បាប់ឆ្លងដែន ទៅប្រទេសវៀតណាម តាមច្រកទ្វេរភាគីជ័យឃ្លាំង ស្រុកស្នួល នឹងកាន់តែមានសកម្មភាពយ៉ាងសកម្មដដែលជាដដែល។ ជាក់ស្ដែងនាយប់ថ្ងៃទី ៤និងទី ៥ខែមិថុនាឆ្នាំ ២០២៤ រថយន្តដឹកនៅ តែមានសកម្មភាពជាធម្មតា ដោយមិនខ្លាចសមត្ថកិច្ច ឬស្ថាប័នជំនាញណានោះឡើយ។ មន្ត្រីមានសមត្ថកិច្ចប្រចាំការនៅច្រកជ័យឃ្លាំងបានបើកបារ៉ាស់ឲ្យរថយន្តដឹកធ្យូងឆ្លងដែនដោយស្រួល។
សកម្មភាពដឹកជញ្ជូនធ្យូងខុសច្បាប់ តាមរថយន្តខ្នាតយក្សប្រភេទវេអង,យីឌុប ចេញតាមច្រកទ្វារព្រំដែន ប៉ុស្តិ៍នគរបាលការពារព្រំដែនជ័យឃ្លាំងក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ ឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម កំពុងកើតមានយ៉ាងពេញបន្ទុកជារៀងរាល់ ថ្ងៃ ខណៈមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន អង្គុយចាំតែរាប់ក្បាលឡានទទួលផលប្រយោជន៍ពីក្រុមឈ្មួញខិល ខូចមួយចំនួន ដោយយកច្បាប់ប្រទេសទៅទ្រាប់គូទអង្គុយយ៉ាងសមសួន ដោយគ្មានចំណាត់ការផ្លូវច្បាប់អោយមានប្រសិទ្ធភាពអ្វីសោះឡើយ។ អាជ្ញាធរមាន សមត្ថកិច្ចក៏ដូចជារដ្ឋបាលខេត្តក្រចេះ ហាក់ដូចជាមិន បានយកចិត្តទុកដាក់ ចំពោះសកម្មភាពដែលនាំទៅដល់ហានិភ័យនៃធនធានធម្មជាតិនេះឡើយ។
ប្រជាពលរដ្ឋនៅស្រុកស្នួល លើកឡើងថា ការដឹកជញ្ជូនធ្យូងខុសច្បាប់យកទៅល់នៅប្រទេសវៀតណាម ត្រូវបានគេស្គាល់មេឈ្មួញ ឈ្មោះថៃគា ដោយដឹកចេញពីភូមិសំបួរសែនជ័យឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ជាទ្រង់ទ្រាយធំទាំងថ្ងៃ ទាំងយប់ ដែលក្នុង១ថ្ងៃៗរាប់សិបតោនបែបនេះ គឺធ្វើឲ្យព្រៃឈើគ្រប់ប្រភេទ ទាំងតូចទាំងធំ ដែលជាសម្បតិធនធានធម្មជាតិដែលសេសសល់ របស់ខ្មែរយើងនឹងវិនាសអន្តរាយដល់ឫសគល់មិនអាចស្តារឡើងវិញបានឡើយ។តាមប្រភពសេចក្តីរាយការណ៍ឲ្យដឹងថា ក្រុមឈ្មួញល្បីឈ្មោះបានចំណាយលុយរត់ ការក្នុង១រថយន្តប្រភេទV1 អស់ប្រមាណជា១០លានរៀលសម្រាប់បង់ឲ្យគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ទើបអាចដឹកធ្យូងខុសច្បាប់ឆ្លងដែនបាន។
តាមប្រភពរាយការណ៍ឲ្យដឹងទៀតថា ធ្យូងខុសច្បាប់ទាំងអស់នេះដឹកចេញពី ចំនុចចាក់ចារ,អូរបោះរបងស្ថិតនៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគីរី និងចេញពីឃុំកន្ទួត ១០៥ ស្រុកចិត្របុរី ឬជើងភ្នំឆ្វេរ ត្រពាំងជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ក្រុមអ្នកឃ្លាំមើលបទល្មើសធនធានធម្មជាតិ ក៏ដូចជាពលរដ្ឋរស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ យល់ឃើញថា គ្រប់មន្ត្រីស្ថាប័នមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តទាំងមូល ទំនងជាមិនអាចបង្ក្រាបបទល្មើសដឹកជញ្ជ្ជូនធ្យូងខុសច្បាប់តាមរថយន្តខ្នាតយក្សឆ្លងដែន ទៅលក់នៅប្រទេសវៀតណាមបាន ទេ ដោយសារប្រពៃណីទូកពឹងច្រវា មន្ត្រីមានតួនាទីឃ្លានដុល្លារ នាំគ្នាប្រឹងស្រវាឱបមេឈ្មួញទុច្ចរឹតទុកជាឆ្នាំងបាយអស់ទៅហើយ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299