ភ្នំពេញ៖ លោកគ្រូអ្នកគ្រូនៅវិទ្យាល័យជាស៊ីម ឈូកវ៉ាចំនួន៦៧នាក់ ក្នុងចំណោមបុគ្គលិក១១០នាក់បានផ្ទុះការតវ៉ាជាលើកទី២ដោយលើកបដាព្រោងព្រាត ដើម្បីស្នើសុំទៅក្រសួងអប់រំយុវជននិងកីឡា ជាពិសេស សម្តេចបវរធិបតីហ៊ុនម៉ាណែតនាយកររដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួយអន្តរាគមន៍ ដកលោកនាយកនិង លោកនាយករងចេញព្រោះដឹកនាំមានភាពមិនប្រក្រតី ពុករលួយ បក្ខពួកនិយម ។
ការតវ៉ានេះបានផ្ទុះឡើង នៅវេលាថ្ងៃត្រង់ទី០៤ខែ មិថុនាឆ្នាំ ២០២៤នៅក្នុងបរិវេណវិទ្យាល័យជាស៊ីម ឈូកវ៉ាស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៩៦២ ក្នុង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ នេះជាលើកទី២ ហើយ លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ នេះបានផ្ទុះការតវ៉ា ដើម្បីដកលោកឈ្មោះប៊ុន មុនី នាយកនិងលោកយ៉ើ លាង ជានាយករង ចេញ។
តាមបដា ដែលលើកតវ៉ា សរសេរចោទប្រកាន់ លោកប៊ុន មុនី នាយកសាលាថាជាបុគ្គលផ្តាច់ការ, មានគំនិតអត្ថ ទត្ថបុគ្គល, ប្រើប្រាស់អំណាច សំដីអសុរោះវាចាចំពោះបុគ្គលិកនិងបុគ្គល, ចាយវាយថវិកាសាលា ក្នុងអង្គភាពដោយសេរី។
តាមប្រភពពី លោកគ្រូ អ្នកគ្រូ ដែលតវ៉ាបានឱ្យដឹងថា ការជួបជុំគ្នា តវ៉ា ថ្ងៃនេះ ដើម្បី ស្នើសុំទៅក្រសួង អប់រំយុវជន និងកីឡា សុំប្តូរគណះគ្រប់គ្រងសាលា ព្រោះចាប់តាំងពីលោក ប៊ុន មុនី មកគ្រប់គ្រងជានាយក វិទ្យាល័យជា ស៊ីមឈូកវ៉ានេះមក គ្មានការរីកចម្រើនោះទេ ហើយសាលាខ្វះទឹក ខ្វះភ្លើងគ្រប់យ៉ាង ហើយ លោកនាយកបង្ខំឱ្យអាណាព្យាបាលសិស្សបង់ប្រាក់ថ្លៃទឹកភ្លើង ម្នាក់២០០០រៀលក្នុង១ខែ។
តាមលោកគ្រូ អ្នកគ្រូបានឱ្យដឹងទៀតថា កន្លងមក លោកនាយកប្រកាន់តែបក្ខពួក ចាយលុយរបស់សាលា តាមអំពើចិត្តខ្លួនឯង យកតារាងបាលរបស់សាលាទៅជួលឱ្យឯកជន, លុយផ្ញើកង់និងលុយជួលតូប យកស៊ីចាយខ្លួនឯង មិនបានយកលុយទាំងនោះទៅអភិវឌ្ឍ សាលាឬរៀបចំបន្ទប់ទឹកនោះទេ ។ នៅក្នុងការដឹកនាំទៀតសោត ប្រើពាក្យសំដីមិនសមរម្យ ជាអ្នកចេះដឹងនោះទេ ហើយគំរាមកំហែងបង្ខិតបង្ខំលោកគ្រូ អ្នកគ្រូ។
តាមលិខិតរបស់លោកគ្រូ អ្នកគ្រូ ដែលប្តឹងទៅប្រធានអង្គភាពប្រឆាំងអំពើពុកលួយ ស្នើសុំដកលោកប៊ុន មុនីជានាយកនិងលោកយ៉ើ លាងជានាយករងនៃវិទ្យាល័យជាស៊ីមឈូកវ៉ា ចេញពីអង្គភាព បានឱ្យដឹងថា នាពេលកន្លងមក លោកនាយនិងនាយករងសាលាពិតជាបានប្រព្រឹត្តិខុស និងទទួលកំហុសនៅអំពើទាំងនេះ មែន៖ ១-ប្រើប្រាស់ពាក្យសំដី អសុរោះចំពោះបុគ្គល, ២-ប្រើប្រាស់ថវិកាក្នុងអង្គភាពគ្មានកម្លាភាព,៣-កផប សង្កត់លោកគ្រូអ្នកគ្រូដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន, ៤-ការងារក្នុងអង្គភាពមួយចំនួនសម្រេចតែម្នាក់ឯង (អត្តនោម័តនិយម បក្ខពួកនិយម) និង៥-ឃោសនាបញ្ចុះបញ្ចូល អាណាព្យាបាលសិស្សានុសិស្សឱ្យបង់ប្រាក់ ។
លោកគ្រូ អ្នកគ្រូឱ្យដឹងថា បន្ទាប់ពីផ្ទុះការតវ៉ាលើកមុន មន្ទីរអប់រំយុវជននិងកីឡាបានចុះទៅសម្រប សម្រួល ដោយសន្យាថា នឹងដោះស្រាវ តែស្ងាត់ទៅវិញ ។
បើសិនជាគ្មានការដោះស្រាយដកលោកលោកប៊ុន មុនី នាយកនិងលោកយ៉ើ លាង នាយករងវិទ្យាល័យ ជាស៊ីម ឈូកវ៉ាចេញទេ ពួកគាត់នឹងបន្តតវ៉ាទៀតហើយចាប់ពី ថ្ងៃនេះទៅពួក គាត់ នឹងមិនចូលបង្រៀននោះទេ។
គេហទំព័រយើងពុំទទួលបានការបំភ្លឺ ណាមួយពីលោកនាយក,នាយករងឡើយ ដោយទូរសព្ទពុំអាចទាក់ទងបាន ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299