ខេត្តតាកែវ÷ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកអង្គរបុរីនិងស្រុកព្រៃកប្បាសបង្ក្រាបករណីទទួលផលចោរកម្មដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ កសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី។
ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវឲ្យដឹងថា នៅវេលាម៉ោង៩ និង៣០នាទីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៤ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ,កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសសហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាសនិងកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបូរីដឹកនាំដោយ
លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួល បន្ទុក ចុះឃាត់ខ្លួនជនសង្ស័យ៤នាក់និងវត្ថុតាងពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស។
ប្រភពបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីទទួលផលចោរកម្ម ដែលបានប្រព្រឹត្តិត្រង់ចំនុចភូមិកន្ទុងព្រិច ឃុំស្លា ស្រុក សំរោង ខេត្តតាកែវ។
ជនសង្ស័យ ឈ្មោះ១.ឈ្មោះឈៀង ឈិត ភេទ ប្រុសអាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសាមគ្គី ឃុំ-ស្រុកអង្គរបុរី ខេត្តតាកែវ,២.ឈ្មោះម៉ៅ ហួត ភេទ ប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិច្រនាង ខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ,៣. ឈ្មោះ សេក វី ភេទប្រុស អាយុ៥៧ឆ្នាំមុខរបរកសិករ រស់នៅភូមិ-ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ និង ៤.ឈ្មោះ ឃី សំអុល ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរកសិករ រស់នៅត្រពាំងវែង ឃុំរវៀង ស្រុកសំរោង ខេត្ត តាកែវ។
វត្ថុតាងចាប់យករួមមាន,១.ម៉ូតូចំនួន០៥គ្រឿងនិង២. ទូរស័ព្ទដៃចំនួន០៧គ្រឿង។ បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕