សង្គម

រថយន្ត Land Cruiser ​មួយ​គ្រឿងត្រូវគេយកទៅផ្លុ​ង​ចោលនៅខណ្ឌ​សែន​សុខ

​ភ្នំពេញ ៖ រថយន្ត Land Cruiser មួយ​គ្រឿងដែល​គេ​​មិនដឹង​ថា បើក​បុក​ជាមួយនឹង​អ្វី ​រួញ​ស្រុញ​មួយ​កំណាត់​មុខ និង​បែក​កង់​មុខ​ខាងឆ្វេង​ ​ត្រូវ​ម្ចាស់​រថយន្ត​បើក​យក​មក​ចត​ទុក​ចោល​នៅ​តាម​បណ្ដោយ​ផ្លូវ​ចូល​ទៅ​មជ្ឈ​មណ្ឌល​ឱកាស​ខ្ញុំ ចំណុច​ចំការ​ស្វាយ ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​12​និង​10​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​16 ខែតុលា ឆ្នាំ​2020​នេះ ។

រថយន្ត​ដែល​ចត​ទុក​ចោល ហើយ​ឃើញ​មាន​ស្នាម​បុក​ក្រពឹត​រង​ការ​ខូចខាត និង​រក​ម្ចាស់​មិន​ទាន់​ឃើញ​នោះ រថយន្ត​នេះ​ម៉ាក Land Cruiser ពណ៌​បៃតងចាស់ ស៊េរី​ឆ្នាំ​1995 ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-8388 ។

យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ឃ្មួ​ញ ដែល​ល្បាត​ពួនស្ទាក់​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន និង​ជា​អ្នក​ប្រទះ​ឃើញ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ ពេល​កម្លាំង​ប៉ុស្តិ៍​ចេញ​ល្បាត​ក្នុង​មូលដ្ឋាន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ប្រទះ​ឃើញ​រថយន្ត​នោះ​ចត​ស្ងៀម​នៅ​អែប​កៀន​ផ្លូវ បញ្ច្រាសទិស​ដៅ​ចរាចរណ៍​គេ ។

ដោយ​ឃើញ​បែប​នេះ​មានការ​សង្ស័យ ក៏​ឈប់​ម៉ូតូ​ចុះ​ត្រួតពិនិត្យ ហើយ​ឃើញ​រថយន្ត​នោះ​មាន​ស្នាម​ខូចខាត​យ៉ាងដំណំ គឺ​រួញ​មួយ​កំណាត់​មុខ​រួញ​ស្រុញ​ចូល​គ្នា​តែ​ម្តង និង​បែក​កង់​មុខ​ខាងស្ដាំ​ទៀត មើលទៅ​ដូច​ទើប​បង្ក​គ្រោះថ្នាក់​រួច ហើយ​ម្ចាស់​រថយន្ត​ព្យាយាម​បើក​រត់គេច​ខ្លួន ប៉ុន្តែ​ដោយសារ​តែ​រថយន្ត​បែក​កង់​ទៅ​មុខ​មិន​រួច ទើប​ឈប់​ចត​រថយន្ដ​ទុក​ចោល ចំណែក​ម្ចាស់​វិញ​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

ក្រោយ​ពី​ត្រួតពិនិត្យ​រថយន្ត​ខាងលើ​រួច សមត្ថកិច្ច​មូលដ្ឋាន​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ជំនាញ​​នៃ​អធិការដ្ឋាន​ខណ្ឌ​ភ្លាម​ៗ ដើម្បី​ចុះ​ត្រួតពិនិត្យ​ផង​ដែរ​។ បន្ទាប់​ពី​ត្រួតពិនិត្យ និង រក​ម្ចាស់​មិនឃើញ រថយន្ដ​ដែល​សង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ ស្ទូច​យក​ទៅ​រក្សា​ទុក​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​កន្លែង​កើតហេតុ​បន្ត​នៅ​ពេល​ក្រោយ​៕