សង្គម

ឆ្នោតវៀតណាមបើកចាក់ជាចំហនៅក្នុងមូលដ្ឋានសង្កាត់ចំការសំរោងក្រុងបាត់ដំបង

ខេត្តបាត់ដំបង÷ ល្បែងស៊ីសងឆ្នោតកន្ទុយលេខ នៅតែបន្តដំណើរការជាធម្មតាតាមផ្ទះប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង។ នៅទីកន្លែងខ្លះ ការកត់ឆ្នោតកន្ទុយលេខជ្រកក្រោមផ្លាកសេវាកម្មផ្សេងៗរួមទាំងផ្ទះបើកវីងផង។ ជាក់ស្ដែងផ្ទះដែលមានយីហោ ចាន់ រី ជាកន្លែងបើកវីង តែក៏មានអ្នកលក់ឆ្នោតយួននៅជាមួយនោះផងដែរ។ ផ្ទះនេះមាន ទីតាំងទល់មុខផ្សារពោធិ៍វង្ស ភូមិចំការសំរោង១ សង្កាត់សំរោង ក្រុងបាត់ដំបង។

បើតាមប្រភពព័ត៌មានរាយការណ៍ថា ទីតាំងខាងលើនេះបានដំណើរការកត់ឆ្នោតកន្ទុយលេខ ជាយូរណាស់មកហើយ តាមប្រភពខ្លះថាគេឃើញមានសមត្ថកិច្ចចេញចូលជាធម្មតាដោយមិនបង្ក្រាបនោះឡើយ។ គេមិនដឹងថា ហេតុអ្វីបានជាសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចំការសំរោង ក៏ដូចជាអធិការនគរបាលក្រុងបាត់ដំបង មិនបង្ក្រាបទីតាំងកត់កន្ទុយលេខខាងលើនេះយ៉ាងដូច្នេះ? ការមិនចុះទៅបង្ក្រាបរបស់សមត្ថកិច្ចប៉ុស្តិ៍ និងអធិការស្រុក ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានមន្ទិលសង្ស័យជាខ្លាំង។

ប្រជាពលរដ្ឋនៅតំបន់នោះអះអាងថា គេតែងតែឃើញនាក់ភូមិជិតខាងចេញចូលទៅកន្លែងកត់ត្នោតនេះ ជា ហូរហែរ និងមានសេវាកត់ឆ្នោតតាមទូរសព្ទទៀតផង។ មួយថ្ងៃៗមេឆ្នោត អាចប្រមូលបានប្រាក់រាប់លានរៀលពីល្បែងមួយនេះ។ បើទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចហាក់ដូចជាធ្វើព្រងើយកន្តើយចំពោះបញ្ហា នៃការមិនគោរពច្បាប់មួយនេះ។ ប្រជាពលរដ្ឋនិយាយថា បើម្ចាស់ទីតាំងមិនបង់លុយឲ្យសមត្ថកិច្ចទេ គឺពិតជាមិនអាចដំណើរការបានដោយចំហនិងសេរីយ៉ាងដូច្នេះបានឡើយ។ នេះជាអ្វីដែលប្រជាពលរដ្ឋបានមើលឃើញសព្វថ្ងៃនៅក្នុងមូលដ្ឋានរបស់ពួកគាត់។

សព្វថ្ងៃបញ្ហាអសន្តិសុខ កំពុងកើតមានករណីចោរលួចចោរគាស់ផ្ទះជាច្រើននៅក្នុងមូលដ្ឋានក្រុងបាត់ដំបងជាញឹកញាប់។ វាជាបញ្ហាដែលប្រឈមចំពោះការរស់នៅ របស់ប្រជាពលរដ្ឋ ដែលផ្ដើមចេញពីល្បែងស៊ីសងនិងអសកម្មរបស់សមត្ថកិច្ច។ ភាពអសកម្មទាំងនេះទាំងនេះ ទើបធ្វើឲ្យទីតាំងកត់កន្ទុយលេខយួន ក្នុងមូលដ្ឋានខាងលើដំណើរការជាចំហ។ ប្រជាពលរដ្ឋក្រុងបាត់ដំបងសង្ឃឹមថា លោកស្នង ការនគរបាលខេត្តមិនបណ្ដោយឱ្យបញ្ហាកន្ទុយលេខយួន រីករាលដាលដូច សព្វថ្ងៃនេះពេកទេ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:0108407320