ខេត្តព្រៃវែង÷ ករណីសំណង់រឹងមាំដែលម្ចាស់ជាជនជាតិវៀតណាមសង់ចូលស្ទឹងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១១ ក្នុងភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែងកំពុងក្លាយជាវិបត្តិដែលគ្មានអ្នកទទួលខុសត្រូវ រីឯម្ចាស់សំណង់ក៏មិនខ្វល់ចំពោះបញ្ហាអ្វីទាំងអស់។ អាជ្ញាធរមូលដ្ឋានឃុំ- ស្រុកពាមរក៍ រុញដាក់គ្នាករណីសំណង់បំពានច្បាប់មួយនេះ។
លោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍បានឆ្លើយទាំងតតាក់តតុប ជាមួយអ្នកកាសែត អំពីករណីដែលជនជាតិវៀតណាមសង់សំណង់រឹងមាំអត់ច្បាប់ចូលស្ទឹងនោះដោយជំរុញឲ្យអ្នកកាសែត សួរទៅមេឃុំពាមរក៍ ជា មុន។ ប្រការនេះធ្វើឱ្យគេសង្ស័យថា លោកស្រីអភិបាល ស្រុកទំនងជាមិនដឹងរឿងនៅក្នុងមូលដ្ឋានរបស់ខ្លួននោះឡើយ។ លោកស្រីបាននិយាយថា សូមបងអ្នកកាសែតសួរទៅខាងមេឃុំទៅមើលថា វាយ៉ាងម៉េច?។ មុនបិទទូរសព្ទស្រីបញ្ជាក់បន្ថែមថា នៅខាងឃុំទំនងជាដឹងរឿងច្បាស់លាស់ដូច្នេះសួរឃុំសិនទៅ។
មេឃុំពាមរក៍ លោកអឿ លុច មានប្រសាសន៍ហាក់ដូច ជាមិនហ៊ានជាមួយម្ចាស់សំណង់នោះ។ លោកប្រាប់ថាបានចុះទៅណែនាំម្ចាស់សំណង់នោះដែរ ប៉ុន្តែគេនៅតែធ្វើតាមដូច្នេះលោកមិនដឹងធ្វើម៉េចទេ? លោកបានប្រាប់ម្ចាស់សំណង់នោះឲ្យសុំច្បាប់ទម្លាប់ជាមុនសិន ពីព្រោះលោកមិនមែនជាអ្នកមានសមត្ថភាព ក្នុងការអនុញ្ញាតច្បាប់សាងសង់នោះឡើយ។ លោកមេឃុំបញ្ជាក់ថា “ខ្ញុំបានចុះទៅប្រាប់វម្ចាស់សំណង់ច្រើនដងហើយគេនៅតែធ្វើ។ ដូច្នេះឲ្យគេទទួលខុសត្រូវដោយខ្លួនឯងចុះ”។ យ៉ាងណាក៏ដោយគេមិនដឹងថា តើលោកមេឃុំបានរាយការណ៍អំពីករណីសំណង់អត់ច្បាប់នេះដល់រដ្ឋបាលស្រុកដែរឬយ៉ាងណានោះទេ។
ប្រជាពលរដ្ឋនៅតំបន់នោះនិយាយថា ម្ចាស់សំណង់ជាជនជាតិវៀតណាមនេះ បានសង់សំណង់រឹងមាំ ចូលទៅក្នុងចំណែកនៃស្ទឹង ដែលវានឹងបង្កឲ្យមានហានិភ័យដល់សំណង់ផងនិងធ្វើឲ្យស្ទះចរន្តទឹកផង។ វាមិនមែនត្រឹមតែខុសច្បាប់ចំពោះសំណង់ប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងបានរំលោភទៅលើច្បាប់ធនធានទឹកទៀតផង ពី ព្រោះសំណង់នេះធ្វើឲ្យរាំងស្ទះដល់ចរន្តទឹក។ ដូច្នេះវាក៏ពាក់ព័ន្ធផងដែរ ទៅនឹងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រៃវែង។
ប្រជាពលរដ្ឋសំណូមពរទៅរដ្ឋបាលខេត្តព្រៃវែង មន្ទីរជំនាញនានាមេត្តាចុះពិនិត្យមើលសំណង់រឹងមាំ ដែលសង់អត់ច្បាប់ និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើផ្ទៃស្ទឹងដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះ។ ការដែលបណ្ដែតបណ្ដោយឲ្យមានសំណង់រឹងមាំចូលទៅក្នុងស្ទឹង គឺជាបញ្ហាមួយដែលអាចនឹងបង្កឲ្យមានគំរូនៃការមិនអនុវត្តច្បាប់ បន្តទៅថ្ងៃមុខទៀត។ ដូច្នេះត្រូវអនុវត្តវិធានការច្បាប់ឲ្យបានច្បាស់លាស់ ដើម្បីឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមើលឃើញអំពីភាពស្មើភាពគ្នាចំពោះមុខច្បាប់។ រីឯបញ្ហាមួយទៀតនោះគឺរដ្ឋបាលមូលដ្ឋានឃុំ និងស្រុកពាមរក៍គួរតែថ្នាក់ដឹកនាំខេត្តព្រៃវែងពិនិត្យ មើលសមត្ថភាពអ្នកដឹកនាំទាំងនេះផង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299