ខេត្តមណ្ឌលគិរី÷ ប៉ុន្មានថ្ងៃនេះពួកឈ្មួញលេចមុខថ្មីៗច្រើននាក់ រកស៊ីដឹកឈើចេញពីខេត្តមណ្ឌលគិរី ដោយបានត្រូវរ៉ូវជាមួយសមត្ថកិច្ចនៅតាមដងផ្លូវ ជាពិសេសការកាប់បំផ្លាញព្រៃឈើនៅតំបន់អភិរក្សនៅតែបន្តកើតមាន។ មន្ត្រីបរិស្ថាននៃដែនជម្រកសត្វព្រៃភ្នំព្រិច និងកែវសីមានៅតែបន្តធូរលុង តាមរយៈការឃុបឃិត ឲ្យមានសកម្មភាពកាប់បំផ្លាញព្រៃឈើជារៀងរាល់ថ្ងៃ។ បើគ្មានការកាប់បំផ្លាញឈើចេញពីតំបន់អភិរក្ស ក៏គ្មានការដឹកជញ្ជូនឈើចេញពីខេត្តមណ្ឌលគិរីជារៀងរាល់ថ្ងៃនោះដែរ។
បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា នៅក្នុងចំណោមពួកឈ្មួញលេចមុខថ្មីៗដូចជា ហេង,សាល,ទូច,រស្មីនិងខៃ. ដឹកឈើចេញពីក្រុងសែនមនោរម្យ ឆ្លងកាត់ស្រុកអូររាំងនិងស្រុកកែវសីមាឆ្លងដែនទៅប្រទេសវៀតណាម។ ឈើ របស់ពួកទាំងនេះត្រូវគេប្រាប់ថា បានដឹកចេញពីតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំព្រិច និងមួយផ្នែកទៀតចេញពីតំបន់អភិរក្សកែវសីមា។ សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់អភិរក្សទាំងនេះ នៅតែកើតមានជាហូរ ហែរដោយ ការឃុបឃិតគ្នារវាងពួកមន្ត្រីបរិស្ថាន ដូច ដែលករណីលោកឆេង សុធា បិទភ្នែកឲ្យឈ្មួញចូលកាប់ឈើក្នុងដែនអភិរក្ស នៃស្នាក់ការរងត្រពាំងដៃខ្លា ជាថ្នូរនឹងលុយ១លានទៀតយ៉ាងដូច្នោះដែរ។
តាមដងផ្លូវឯណេះវិញ យ៉ាងហោចណាស់៣យប់ជាប់ៗគ្នាកន្លងមកនេះ ពួកឈ្មួញបីនាក់ រួមមានលោកហេង, លោកទូចនិងលោកខៃ បានធ្វើសកម្មភាពដឹកឈើតាមរថយន្តសាំយុងចេញពីក្រុងសែនមនោរម្យ។ សមត្ថកិច្ចជំនាញនៅតាមដងផ្លូវជាច្រើន ហូរហែរសុទ្ធតែត្រូវបាន ត្រូវដងត្រូវផ្លែ ជាមួយឈ្មួញទាំងនេះអស់ហើយ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា រយៈពេល៣យប់កន្លងមកនេះ ពួកឈ្មួញបានធ្វើសកម្មភាព យ៉ាងសកម្ម ដោយដឹកជញ្ជូនជាចំហព្រោះសំអាងថា ត្រូវរ៉ូវជាមួយ សមត្ថកិច្ចតាមដងផ្លូវ ជាពិសេសស្ថាប័នជំនាញរួចរាល់អស់ហើយ។
ពួកឈ្មួញលេចមុខថ្មីៗប៉ុន្មាននាក់នេះ ត្រូវគេនិយាយថាហាក់ដូចជាមានភាពស្វាហាប់ជាងអ្នករកស៊ីមុនៗ ពោលគឺបានស្វះស្វែងរកការសម្របសម្រួល ជាមួយអាជ្ញាធរមានសមត្ថកិច្ច នៅតាមដងផ្លូវឲ្យរួចរាល់ជាមុន មុននឹងចេញដំណើរ។ មន្ត្រីបរិស្ថាន ទាំងនៅក្នុងដែនសមត្ថកិច្ចនៃការកាប់បំផ្លាញព្រៃឈើ និងនៅតាមដងផ្លូវ,ស្នាក់ការរង ជាពិសេសស្នាក់ការធំ នៃដែនជម្រកកែវសីមា ត្រូវគេអះអាងថា ទទួលបានលាភសក្ការៈច្រើនជាងគេ។ ក្រុមឈ្មួញទាំងនេះ មិនអាចរំលងសមត្ថកិច្ចស្ថាប័នជំនាញនិងអាជ្ញាធរដែនដីនោះបានឡើយ។ ដូច្នេះសកម្មភាពដឹកជញ្ជូនព្រៃឈើចេញពីក្រុងសែនមនោរម្យ នៅពេលនេះគឺត្រូវបានរៀបចំជាប្រព័ន្ធ។
មេៗមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ធ្លាប់ទទួលរងការរិះ គន់ពីក្រុមអ្នកដឹកឈើថា ជួនកាលទទួលលុយគេហើយ បែរជាមិនឲ្យគេធ្វើការទៀតផង។ លើកនេះក៏ត្រូវបានពួកមុខថ្មីឈ្មួញខ្សិបថា បានជូនប្រេងសាំងចំពោះមេៗមន្ទីរបរិស្ថានរួចហើយ។ បញ្ហានៅត្រង់ថា តើបើមេៗសប្បាយ ចិត្តអនុញ្ញាតឲ្យពួកគេដឹកបានប៉ុន្មានថ្ងៃ,ប៉ុន្មានជើងនោះមិនប្រាកដទេ។ ពួកឈ្មួញលេចមុខថ្មីៗទាំងនេះ ដូចជា មានបំណងក្នុងការរកស៊ីដឹកឈើច្បាស់លាស់ជាមួយ នឹងការទទួលខុសត្រូវចំពោះមេៗមន្ទីរបរិស្ថាន៕
ដោយ:សុិន ខ្វាន់ឆា
010840732/061881299