ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃនេះ សម្ពាធទាបសកម្មមួយ កំពុងតែស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ហើយវានឹងវិវត្តខ្លួនទៅជាព្យុះទី១៧ឈ្មោះ សូឌែល (SAUDEL) ដោយធ្វើដំណើរចូលមកប៉ែកខាងត្បូង នៃប្រទេសវៀតណាម នៅថ្ងៃទី១៧ ខែតុលា ខណៈដែលប្រព័ន្ធសម្ពាធទាបកំពុងបន្តអូសបន្លាយពីលើកម្ពុជា។
តាមការព្យាកររបស់ក្រសួង លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានស្ថានភាពដូចខាងក្រោម៖
១.បណ្តាខេត្តនៅតំបន់វាលទំនាប រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត។
២.បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងខេត្តជាប់ព្រំដែនប្រទេសវៀតណាម រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម នឹងអាចមានភ្លៀងធ្លាក់ពីបង្គយរ ទៅច្រើន។
៣.តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕