ព័ត៌មានជាតិ

រដ្ឋបាលជលផល​ជូនដំណឹង​ពី​រដូវបិទនេសាទ ឆ្នាំ២០២៤

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានជូនដំណឹង​ដល់​សាធារណជន និងអ្នកនេសាទទាំងអស់ ពីរដូវបិទនេសាទ សម្រាប់​ការ​ធ្វើនេសាទ​ក្នុងដែន​នេសាទទឹក​សាប។

បើតាម​រដ្ឋបាលជលផល រដូវបិទនេសាទ ត្រូវ​បានកំណត់តាមតំបន់ផ្សេងៗគ្នា ដូចជា ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែន​នេសាទទឹកសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង​មួយផ្នែក នៃរាជធានីភ្នំពេញ និង​ខេត្តកណ្តាល ដែលស្ថិត​នៅ​ខាងជើង​ខ្សែ​ស្រប​ទន្លេ​ចតុមុខ។

ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា រួមមាន ខេត្ត​ព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និង​មួយផ្នែក នៃរាជធានីភ្នំពេញ និង​ខេត្តកណ្តាល ដែលស្ថិត​នៅ​ខាងត្បូងខ្សែស្រប​ទន្លេ​ចតុមុខ។

រដ្ឋបាល​ជលផល​ក៏​បានបញ្ជាក់ដែរថា នៅក្នុងរយៈ​ពេល​បិទនេសាទនេះ អ្នក​នេសាទទាំងអស់​ត្រូវ​ប្រើ​តែ​ឧបករណ៍​នេសាទគ្រួសារ ដែលមានចែង​ក្នុងប្រកាសលេខ ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ​២០១២៕