ប្រជាពលរដ្ឋដែលជាម្ចាស់ដីនៅចំណុចភ្នំ៤១ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានសម្ដែងការខកចិត្តចំពោះអាជ្ញាធរ គ្រប់លំដាប់ថ្នាក់និងស្ថាប័នជំនាញ។ ការខកចិត្តនេះដោយសារតែការសន្យាសម្របសម្រួលបញ្ហាដីធ្លីរបស់ពួកគាត់ដោយអាជ្ញាធររអស់រយៈពេលជិត១ឆ្នាំទៅហើយនៅតែគ្មានពន្លឺ ហើយរដ្ឋបាលខេត្តថែមទាំងស្នើសុំកាត់ឆ្វៀលដីរបស់ពួកគាត់ដែលកំពុងកាន់កាប់ទៅឱ្យបុគ្គលផ្សេងទៀត ដែលធ្វើឲ្យពួកគាត់ស្នើឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធលាងជម្រះបញ្ហាដីធ្លីរបស់ពួកគាត់ឲ្យចប់សព្វគ្រប់សិន មុននឹងបន្តនីតិវិធីទៅទៀត។
ពលរដ្ឋមួយរូបក្នុងចំណោមពលរដ្ឋ ១១ គ្រួសារ ដែលមានឡូតិ៍ដីនៅចំណុចខាងលើបានថ្លែងថា ពួកគាត់បានទិញដីដែលមានពុះឡូតិ៍រួចស្រេចពីបងប្អូនជនជាតិដើមភាគតិច ខ្លះទិញនៅឆ្នាំ ២០១៨,២០១៩,២០២០ ២០២២ ដោយខ្លះបានសង់ផ្ទះ និងដាំដំណាំ នៅលើដីរៀងៗខ្លួន ។ ប៉ុន្តែនៅពាក់កណ្ដាលឆ្នាំ ២០២៣ បែរជាមានជនមិនស្គាល់មុខប្រើកម្មករឲ្យមកសាងសង់ក្លោង ទ្វារ និងចាក់សោរទ្វារមិនឱ្យពួកគាត់ចូលទៅផ្ទះសម្បែង និងអាស្រ័យផល ។ ពួកគាត់បានរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយបញ្ហាក្នុងនាមអាណាព្យាបាលរបស់ប្រជាពលរដ្ឋ។
ខេត្តមណ្ឌលគីរី÷ ការណ៍នេះបានតម្រូវឲ្យអាជ្ញាធរខេត្ត កោះហៅពលរដ្ឋទាំងអស់ដែលមានដីឡូតិ៍នៅចំណុចភ្នំ៤១ចូលរួមប្រជុំពិភាក្សា និងសម្របសម្រួលដោះស្រាយនៅថ្ងៃទី ០៥ តុលា ឆ្នាំ ២០២៣ ។ កិច្ចប្រជុំសម្របសម្រួលដែលដឹក នាំដោយលោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគីរីនោះបានទទួលយកសំណើឯកភាពចំនួនពីរ គឺទី១ ម្ចាស់ដីយល់ ព្រមចាកចេញពីដីរបស់ខ្លួន ដោយទទួល យកសំណងតាមការចរចាគ្នាជាក់ស្ដែង និងទី២ ទទួល យកដីជាថ្នូរនៅទីតាំងផ្សេង ។
ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយ និងខកចិត្តបំផុតនោះស្ងាត់ៗនៅថ្ងៃទី ២វិច្ឆិកា ឆ្នាំ ២០២៣ ស្រាប់តែរដ្ឋបាលខេត្តមណ្ឌល គិរី ដាក់លិខិតទៅគណៈរដ្ឋមន្ត្រីដើម្បីស្នើ សុំកាត់ឆ្វៀលដីនៅចំណុចខាងលើទៅឱ្យបុគ្គលឈ្មោះ ម៉េង ហេង ទាំងបញ្ហាមិនទាន់បានដោះស្រាយនៅ ឡើយ ដែលនេះបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើស្មារតី កិច្ចប្រជុំថ្ងៃទី ៥ តុលាឆ្នាំ ២០២៣ និងផលប្រយោជន៍ពលរដ្ឋម្ចាស់ដី ។ តើ ម៉េង ហេង ជានណា ?
បើទោះជាដូច្នេះក្ដីនៅចំពោះមុខស្ថានភាពបែបនេះក្រុមប្រជាពលរដ្ឋម្ចាស់ដីបានអំពាវនាវឲ្យគណៈរដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធ មេត្តាពិចារណា ដោយធ្វើយ៉ាងណាលាងសម្អាតបញ្ហាដីធ្លីរបស់ពួកគាត់ឱ្យរួចរាល់សិន មុន នឹងចាត់ចែងបន្តនីតិវិធីទៅទៀត ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299