ខេត្តកណ្តាល÷ ល្បែងអនឡាញច្រើនប្រភេទ,ឆ្នោតឡូតូ ឬជល់មាន់ កំពុងដំណើរការជាចំហ នៅតាមបណ្ដាសង្កាត់នានាក្នុងក្រុងតាខ្មៅខេត្តកណ្ដាល។ ល្បែងស៊ីសងអនឡាញទាំង នោះបើកដំណើរការតាំងពីព្រលឹម ដោយទទួលបានអតិថិជនជាច្រើនក្នុងមួយថ្ងៃៗ។ ទីតាំងខ្លះក៏មានល្បែងបុកប៊ីយែរនៅជាមួយនោះបង្កឲ្យមានភាពអនាធិបតេយ្យដែលបង្កឡើងដោយក្រុមក្មេងៗ ឬយុវជន ចំពេលដែលប្រមុខរាជរដ្ឋាភិបាល ឲ្យបញ្ចប់សកម្មភាពក្មេងអាណាធិបតេយ្យទាំងនោះ។
នៅតាមបណ្ដាភូមិនានាក្នុងក្រុងតាខ្មៅ សុទ្ធតែមានទី តាំងល្បែងហ្គេមអនឡាញនេះទាំងអស់។ ជាក់ស្ដែងនៅភូមិកោះគរ សង្កាត់រកាខ្ពស់,ភូមិព្រែកខ្សេវ សង្កាត់រកា ខ្ពស់ ក្រុងតាខ្មៅ (មាន់វេបសាយsb24)និងភូមិព្រែកថី សង្កាត់រកការខ្ពស់ ក្រុងតាខ្មៅ…សុទ្ធតែមានល្បែងស៊ី សងអនឡាញ ដំណើរការជាចំហរ ហើយក៏ទទួលបានអតិថិជនចូលលេងយ៉ាងគគ្រឹកគគ្រេងភ្លេចបាយភ្លេចទឹកជាច្រើនណាស់ដែរ។ ប្រភពខ្លះបានលើកឡើងថាម្ចាស់ល្បែងស៊ីសងអនឡាញទាំងនេះសុទ្ធតែចំណាយលាភសក្ការៈ ជូនអាជ្ញាធរក្រុងតាខ្មៅហើយមើលទៅ?ទើបអាចដំណើរការបានដោយរលូន។
ប្រភពបានបន្តរាយការណ៍ថា ទីតាំងល្បែងស៊ីសងអនឡាញនិងតុបុកប៊ីយ៉ែនៅក្នុងមូលដ្ឋានខាងលើនេះ ហាក់ដូចជាត្រូវរ៉ូវជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសអស់លោកមេប៉ុស្តិ៍នានា ក៏ដូចជាលោកអធិការនគរបាលក្រុងតាខ្មៅតែម្ដង។ ជារឿយៗពួកក្មេងៗយុវជនទាំងនោះឈ្លោះទាស់ ទែងគ្នាវ៉ៃវាយតប់ប្រើអំពើហិង្សាជាញឹកញយ ហើយគេមិនដែលឃើញមន្ត្រីមានសមត្ថកិច្ចនគរបាលតាមបណ្ដាប៉ុស្តិ៍ចុះទៅបង្ក្រាបពួកក្មេងទាំងនោះទេ។ ដូច្នេះហើយប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពកូនចៅរបស់ពួកគាត់។
ប្រភពរាយការណ៍ថា ក្រៅពីល្បែងអនឡាញភ្នាល់ដូចជាជល់មាន់និងល្បែងឆ្នោតឡូតូ តាមទូរទស្សន៍ ឬកុំព្យូទ័រនោះ ក៏មានកន្លែងបុកប៊ីយែរដែលនៅលាយឡំជាមួយ គ្នានោះ។ យុវជនមួយចំនួនធំ គេចពីការសិក្សា (សាលា) នាំគ្នាមកលេងល្បែងបុកប៊ីយែ និងល្បែងស៊ីសងតាមអ៊ីនធឺណិត នៅតាមភូមិនានាក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងពពាក់ពពូន។ នៅទីតាំងខាងលើនេះគេសង្កេតឃើញមានយុវជនក្មេងៗជាច្រើន ជិះម៉ូតូចុះ ឡើង ចេញពីទីតាំងល្បែងស៊ីសងខាងលើនេះ ដោយមិនខ្លាចរអា សមត្ថកិច្ចមូលដ្ឋាននោះឡើយ។
លោកអធិការនគរបាលក្រុងតាខ្មៅ យី វណ្ណដា ត្រូវបានប្រជាពលរដ្ឋមើលឃើញថា ស្ទើរតែមិនមានចំណាត់ការទាល់តែសោះ ចំពោះក្រុមក្មេងយុវជនស្ទាវៗចូលលេងបុកប៊ីយែរបង្កភាពអាណាធិបតេយ្យ ឬក៏លេងល្បែងស៊ី សងទាំងនោះ។ ភាពស្ងៀមស្ងាត់របស់លោកអធិការក្រុងតាខ្មៅចំពោះទីតាំងល្បែងស៊ីសងអនឡាញទាំងនេះ ធ្វើ ឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា លោកមានជាប់ ជំពាក់និងផលប្រយោជន៍ជាមួយពួកថៅកែម្ចាស់ល្បែងអ៊ីនធឺណិតទាំងនោះ។ ដូច្នេះប្រជាពលរដ្ឋស្នើឲ្យលោក ស្នងការនគរបាលខេត្តកណ្ដាលមានវិធានការ ប្រកប ដោយប្រសិទ្ធភាពចំពោះល្បែងស៊ីសងតាមអ៊ីនធឺណិតតាមតុប៊ីយែរក្នុងមូលដ្ឋានក្រុងតាខ្មៅនោះផង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299