ថ្មីៗកន្លងទៅនេះ សមត្ថកិច្ចខេត្តកំពង់ធំមួយក្រុមដឹកនាំដោយ លោកព្រឹម រដ្ឋា អភិបាលរងខេត្តដឹកនាំកម្លាំងចុះចាប់អេស្កាវ៉ាទ័រចំនួន២គ្រឿង ដែលកំពុងធ្វើសកម្មភាព ស្ដារប្រឡាយចាស់ នៅតំបន់សហគមន៍កោះរះ ស្ថិតនៅក្នុងភូមិ ទួលពុទ្រា ឃុំគោកត្របែក ស្រុកតាំងគោក ខេត្ត កំពង់ធំ។ ប្រតិបត្តិការនេះត្រូវគេខ្សិបប្រាប់ថា សមត្ថកិច្ចបានបង្គាប់ទារប្រាក់ពីម្ចាស់អេស្កាវ៉ាទ័រចំនួន៤ពាន់ដុល្លាអាមេរិក ហើយក៏ប្រញាប់ចាកចេញទៅវិញភ្លាមៗ។ អ្វីដែលនៅសេសសល់ គឺប្រជាពលរដ្ឋនៅក្នុងសហគមន៍បានស្លន់ស្លោរចំពោះករណី ចុះចាប់គ្រឿងចក្រប្រៀបដូចជាចុះជំរិតទារប្រាក់បែបនេះ។
បើតាមប្រភពច្បាស់ការណ៍មួយបានបញ្ជាក់ច្បាស់ៗថា សកម្មភាពចុះចាប់គ្រឿងចក្រអេស្ការ៉ាទ័ររបស់សមត្ថកិច្ចខេត្តកំពង់ធំ គឺដោយសារគ្រឿងចាក់អេស្កាវ៉ាទ័រចំនួនពីរគ្រឿង ដែលបានកំពុងនឹងធ្វើសកម្មភាព ស្ដារប្រឡាយចាស់នោះ មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ការចុះចាប់ នេះទៀតសោត មិនបានប្រើពេលយូរនោះទេ គឺត្រូវបានបញ្ចប់ភ្លាមៗ បន្ទាប់ពីមានការចរចារ រវាងសមត្ថកិច្ចមួយក្រុមនោះ និងម្ចាស់អេស្កាវ៉ាទ័រតែម្ដង។ ប្រភពបន្ថែមថាម្ចាស់គ្រឿងចក្រ បានសម្របសម្រួលចរចាភ្លាមៗដោយ បានប្រគល់ប្រាក់ជូនក្រុមការងារថ្នាក់ខេត្តទាំងនោះភ្លាមហើយសមត្ថកិច្ចទាំងនោះក៏បានចាកចេញភ្លាមៗដែរ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីមានការដោះលែងគ្រឿង ចក្រអេស្កាវ៉ាទ័រទាំង២គ្រឿងរួចរាល់ ស្រាប់តែបែកធ្លាយដំណឹងជាច្រើនថា ម្ចាស់គ្រឿងចក្របានចំណាយលុយទៅឲ្យសមត្ថកិច្ចចំនួន៤ពាន់ដុល្លារ ដែលជាថ្នូរទៅនឹងការដោះលែងអេស្កាវ៉ាទ័រ ២គ្រឿងនោះ។នេះបញ្ជាក់បានថា វាមិនមែនជាការលែងសើចនោះទេចំពោះព័ត៌មានដែលថា មន្ត្រីមានសមត្ថកិច្ចខេត្តកំពង់ធំចុះទៅចាប់គ្រឿងចក្រ ប៉ុន្តែបែរជាទារប្រាក់ម្ចាស់គ្រឿងចក្រទៅវិញនោះ។ ប្រភពបានបន្ថែមថា មន្ត្រីថ្នាក់ដឹកនាំខេត្តកំពង់ធំទាំងនោះ ចុះមករបៀបប្រញាប់ប្រញ៉ាល់ក្នុងការទាប្រាក់ ហើយក៏ប្រញាប់ចាកចេញទៅវិញ យ៉ាងលឿនរហ័ស។
បើតាមសំដីពលរដ្ឋច្រើននាក់នៅតំបន់សហគមន៍កោះរះ បញ្ជាក់ច្បាស់ៗឱ្យអ្នកកាសែតដឹងថា ពិតជាមាន សមត្ថកិច្ចជំនាញរដ្ឋបាលខេត្តកំពង់ធំ ចុះចាប់អេស្កាវ៉ាទ័រ២គ្រឿងនៅតំបន់សហគមន៍កោះរះពិតប្រាកដមែន។ ប្រភពបន្តថា ម្ចាស់អេស្កាវ៉ាទ័រនោះគឺជាប្រជាពលរដ្ឋរស់ នៅឃុំសណ្តែកស្រុកបាធាយ ខេត្តកំពង់ចាម ហើយទាក់ ទងនឹងរឿងលុយ៤០០០ដុល្លារ ដែលជាថ្នូរទៅនឹងការដោះលែងនោះ គឺជារឿងពិត។ ដូច្នេះ គ្មានអ្វីគួរជារឿងលាក់លៀមនោះទេ ពីព្រោះប្រជាពលរដ្ឋនៅសហគមន៍កោះរះ សុទ្ធតែបានដឹងអំពីរឿងរ៉ាវដែលមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តកំពង់ធំដឹកនាំដោយលោកព្រឹម រដ្ឋាប្រព្រឹត្តយ៉ាងដូច្នោះមែន។
បើតាមការបញ្ជាក់ពីលោកអភិបាលស្រុកតាំងគោកបានឲ្យដឹងថា ពិតជាមានក្រុមការងារខេត្តកំពង់ធំចុះចាប់អេស្កាវាទ័រចំនួន២គ្រឿង នៅតំបន់សហគមន៍កោះរះ ដែលដឹកនាំដោយ លោក ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ និងលោក ជិន ស៊ីថា នាយខណ្ឌ នៃរដ្ឋបាលជលផលខេត្តកំពង់ធំនោះមែន។
លោកព្រឹម រដ្ឋា, លោកជិន ស៊ីថា…សុទ្ធតែបដិសេធចំពោះការចោទប្រកាន់រឿងលុយកាក់៤ពាន់ដុល្លារនោះ។ លោកអះអាងដូចគ្នាថា មិនដឹងអំពីបញ្ហាលុយ កាក់៤០០០ដុល្លារនោះយ៉ាងណាទេ? សំណួរសួរថាតើការបដិសេធសម្ដីមួយម៉ាត់គ្រប់គ្រាន់ដែរឬទេ?ដូច្នេះត្រូវតែមានការស៊ើបអង្កេតច្បាស់លាស់មួយដើម្បីបង្ហាញភាពស្អាតស្អំសម្រាប់ទាំងអស់គ្នា។
ថ្មីៗនេះលោកឧបនាយករដ្ឋមន្ត្រី ស សុខា បានរកឃើញយ៉ាងពិតប្រាកដករណីមន្ត្រីមួយក្រុម ដែលចុះយកប្រាក់ពីអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំនៅខេត្តកំពង់ស្ពឺ ដែលក្នុង១ ឃុំ យក១លានរៀល។ ចំពោះករណីខាងលើនេះត្រូវតែមានការស៊ើបអង្កេតឱ្យបច្បាស់លាស់ ហើយបើរកឃើញ ថាពួកគេពិតជាបានប្រព្រឹត្តដូចសេចក្តីរាយការណ៍ មែននោះគួរតែមានការផ្ដន្ទាទោសតាមច្បាប់៕