រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីថ្ងៃកាន់ទុក្ខជាផ្លូវការលើកទី២ ចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ដែលជាថ្ងៃព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសពរបស់ព្រះអង្គ។
ក្នុងថ្ងៃកាន់ទុក្ខនោះ គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរបស់រដ្ឋ និងឯកជនទាំងអស់ គ្រប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ មួយភាគបី នៃដង ពីលើចុះមកក្រោម។
ជាមួយគ្នានេះ គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។
សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ទ្រង់បានយាងចូលព្រះទិវង្គតនៅវត្តឧណ្ណាលោម កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្ម ៩៣ព្រះវស្សា។ រាជរដ្ឋាភិបាលបានប្រកាសយកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ ព្រមទាំងបាន និងកំពុងរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម និងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ សក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះមហាសង្ឃរាជ៕